យុទ្ធនាការ «ដើរដោយសុវត្ថិភាព» ជាសកម្មភាពផ្សព្វផ្សាយអប់រំដើម្បីសុវត្ថិភាព ចរាចរណ៍នៅកម្ពុជា
នារសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ មានរៀបចំកិច្ចប្រជុំជាមួយ វិស័យឯកជន ក្រុមហ៊ុនដឹកជញ្ជូនទំនិញនិងអ្នកដំណើរ ស្តីពីការអំពាវនាវសុំឲ្យមានការចូលរួមសហការដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៏ និងការគាំទ្រដល់គម្រោងអប់រំផ្សព្វផ្សាយ «ដើរដោយសុវត្ថិភាព» ក្រោមអធិបតីភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមនាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តមអគ្គនាយករងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឯកឧត្តមប្រធាន អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ លោក លោកស្រីតំណាងវិស័យឯកជន ក្រុមហ៊ុន ទំនិញ និង អ្នកដំណើរ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនផងដែរ ។
កន្លងមកនិងបច្ចុប្បន្នគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាននិងកំពុងតែខិតខំយ៉ាងសកម្មតាមគ្រប់វិធីសាស្ត្រទាំងការរឹតបន្តឹងការអនុវត្តច្បាប់ និងយុទ្ធនាការអប់រំផ្សព្វផ្សាយផ្សេងៗដើម្បីទប់ស្កាត់ កាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោកនៅកម្ពុជាហើយក្នុងឆ្នាំ២០១៩នេះ នឹងមានការអនុវត្តគម្រោង «ដើរដោយសុវត្ថិភាព » ដើម្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរនៅតាមដងផ្លូវនៅទូទាំងប្រទេស ។ នៅព្រឹក ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ «យុទ្ធនាការនេះនឹងមានអ្នកចូលរួមដើរ ចំនួន ១០០០ នាក់ ដែលនឹងត្រូវចេញដំណើរពីមុខវត្តបុទុមវត្តី ទៅកាន់មជ្ឈមណ្ឌលកម្សាន្តកោះពេជ្ រដើម្បីភ្ជាប់ទៅក្នុងការចូលរួមពិធីអន្តរជាតិរំលឹកជនរងគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆ្នាំ ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគសចគ ។
ដោយឡែក ការអនុវត្តគម្រោង «ដើរដោយសុវត្ថិភាព » នេះនឹងចាប់អនុវត្តចាប់ពីចុងខែតុលា រហូតដល់ចុងខែធ្នូ ឆ្នាំ ២០១៩ ដោយការបង្កើតផេកហ្វេសប៊ុក ដែលមានការអប់រំផ្សព្វផ្សាយបំផុសឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ផ្លូវឲ្យមានការយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក និង អំពីការយកចិត្តទុកដាក់ប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ។ ក្នុងគោលបំណងប្រមូលផ្តុំកិច្ហសហការរួមឲ្យកាន់តែផុសផុល ឈានទៅទប់ស្កាត់ លប់បំបាត់នូវទុក្ខសោកដោយការស្លាប់ របួស ពិការ និង ការខាតបង់ទ្រព្យសម្បត្តិរដ្ឋ និង ឯកជន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គម្រោង «យុទ្ធនាការដើរដោយសុវត្ថិភាព » សូមអំពាវនាវដល់ អង្គការ សមាគម ក្រុមហ៊ុនជាតិ អន្តរជាតិ ជាដៃគូរទាំងអស់ និង សប្បុរសជននានា សូមមេត្តាចូលរួមចំណែកជាធនធាន ស្មារតី សម្ភារ ថវិកា សម្រាប់ដំណើរការ គម្រោងនេះ ដោយសូមទំនាក់ទំនងតាមរយផេកហ្វេសប៊ុក “ SAFE WALK “ ឬ តាមលេខទូរស័ព្ទ 012 308 756 077 292 087 និង010 811 168 ៕