សមាគមន៍គ្រូពេទ្យទារកកម្ពុជា បើកសិក្ខាសាលាក្រោមប្រធានបទ «ការជួយសង្គ្រោះបន្ទាន់ទារកក្រោយសម្រាល»
កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៨ កន្លងទៅនេះ សមាគមន៍គ្រូពេទ្យទារកកម្ពុជា បានបើកសិក្ខាសាលាលើកដំបូងនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ «ការសង្គ្រោះក្រោយពេលសម្រាល» ក្រោមអធិបតីភាពឯកឧត្តមសាស្រា្តចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យ ឯកឧត្តម សាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យទីប្រឹក្សាក្រសួងសុខាភិបាល សាស្ត្រាចារ្យប្រធានផ្នែក ប្រធានអុយនីតេ វេជ្ជបណ្ឌិតឯកទេស ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិដ៏ទៃទៀត ។ បន្ថែមពីនេះក៏មានការចូលរួមផងដែរពីសិក្ខាកាមដែលមកពីមន្ទីរពេទ្យនានានៅក្នុងរាជធានីភ្នំពេញ រឺខេត្តនានា ដែលមានគ្រូ បង្វឹកជាសាស្ត្រាចារ្យមានបទពិសោធន៍ផ្នែកថែទាំ ព្យាបាល និង សង្គ្រោះទារកនៅមន្ទីរពេទ្យ KK (ខេខេ) នៃប្រទេសសង្ហបុរី ។
ថ្លែងក្នុងសិក្ខាសាលាលោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ ប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា បានមានប្រសាសថា «នេះជាសិក្ខាសាលាមានលក្ខណៈបទដ្ឋានស្តង់ដា (Standard) ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងជាក់ស្តែងឱ្យកាន់តែច្បាស់ និង ការធ្វើបច្ចុប្បន្នភាពបន្ថែមក្នុងការសង្គ្រោះទារកក្រោយពេលសម្រាលតាមរយៈការបង្ហាញពីគ្រូពេទ្យល្បីៗ និង មានបទពិសោធន៍យូរអង្វែងមកហើយនៅប្រទេសសង្ហបុរី ដើម្បីធានាឱ្យបានកាន់តែប្រសើរ និង ជោគជ័យខ្ពស់ក្នុងការសង្គ្រោះទារក» ។
ដូចគ្នាផងដែរ ឯកឧត្តមសាស្រា្តចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ក៏បានថ្លែងសន្ទរកថាអបអរសាទ និង គាំទ្រឱ្យមានការបណ្តុះបណ្តាលនេះឡើងដោយសង្ឃឹម និង ជឿជាក់ថា សិក្ខាសាលានេះនឹងជួយឱ្យមានការយល់ដឹងកាន់តែច្បាស់ពីការគ្រប់គ្រង និង សង្គ្រោះទារកនៅនាទីដំបូងនៃជីវិត ដើម្បីចូលរួមកាត់បន្ថយមរណៈភាពទារកនៅកម្ពុជា ។
លើសពីនេះទៅទៀត លោកស្រីសាស្ត្រាចារ្យបានសង្កត់ធ្ងន់ថា សមាគមន៍នឹងបន្តសកម្មភាពរបស់ខ្លួនក្នុងការបណ្តុះបណ្តាលគ្រូពេទ្យជំនាញដែលរួមមានដូចជា វគ្គសិក្សាខ្លីៗ សិក្ខាសិលា សន្និសីទ និង សន្និបាទបន្តបន្ទាប់ដោយមានការចូលរួមពីបណ្តាខេត្ត ក្រុង ក្នុងប្រទេស ក៏ដូចជាក្រៅប្រទេសផងដែរ ។ តួយ៉ាងដូចជា សមាគមន៍បានរៀបចំសន្និសីទមួយក្រោមប្រធានបទ «បច្ចុប្បន្នភាពក្នុងការថែទាំជុំវិញការសម្រាលទារកមិនគ្រប់ខែ និង ទារកគ្រប់ខែ» នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានការចូលរួមពីសមាជិក សមាជិការ ប្រហែល ២០០ នាក់ផងដែរ ៕