មើលវីដេអូនេះហើយនឹកផ្ទះ !
តាមទំនៀមទម្លាប់ប្រពៃណីខ្មែរពីបរមបុរាណមក ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ បងប្អូនខ្មែរយើងតែងធ្វើម្ហូបទៅវត្តប្រគេនព្រះសង្ឃចែករំលែកដល់ជនទីទល់ក្រ និង បង្សុកូលរំលឹកដល់វិញ្ញាណក្ខន្ធជីដូចជីតា សុំសេចក្ដីសុខសេចក្ដីចម្រើន ។
មកទល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌបានបង្កប់អត្ថន័យកាន់តែពិសេសមួយទៀត សម្រាប់គ្រួសារដែលមានកូនចៅចេញទៅធ្វើការងារឆ្ងាយពីផ្ទះ ។ ម្ដាយឪពុកណាដែលមិនចង់ឃើញកូនជោគជ័យក្នុងការងារ ឬការសិក្សានោះ បើទោះលោកទាំងពីរនឹកនាកូនសំឡាញ់យ៉ាងណាក៏ដោយ ក៏មិនទាមទារឲ្យកូនចុះឡើងស្រុកញឹកញាប់នោះដែរ ។
គឺមានឱកាសបុណ្យភ្ជុំបិណ្ឌនេះហើយ ដែលកូនៗ អាចឈប់សម្រាកពីការងារបានដល់ទៅ ៣ ថ្ងៃ អំណោយផលបំផុតសម្រាប់ការទៅលេងស្រុកកំណើត និង ចំណាយពេលដ៏មានគុណភាពជាមួយក្រុមគ្រួសារ ។ ដូច្នេះទើបបច្ចុប្បន្ន ការជួបជុំគ្រួសារ និង ញ៉ាំអាហារជុំគ្នាយ៉ាងកក់ក្ដៅ ក៏បានក្លាយជាសារដ៏សំខាន់មួយដែរ ក្នុងរដូវភ្ជុំបិណ្ឌជំនាន់ថ្មីនៅកម្ពុជា ។ គេសង្កេតឃើញថា ឲ្យតែដល់ភ្ជុំម្ដងៗ អ្នកម្ដាយនៅតាមខេត្តតែងរៀបចំផ្ទះយ៉ាងស្អាត និង ធ្វើម្ហូប នំចំណីឆ្ងាញ់ៗ ទន្ទឹងចាំផ្លូវកូនៗ មកលេង និង ញ៉ាំបាយជុំគ្នា ។ ឯកូនៗ ក៏មិនខានដែលរឿងទៅលេងស្រុកកំណើតជួបជុំគ្រួសារ និង កំដរអ្នកម្ដាយទៅធ្វើបុណ្យនោះវត្តជាមួយគ្នា ។
តោះ! ឥលូវមកជួបជាមួយអ្នកម្ដាយបីរូប ដែលកំពុងរវល់រៀបចំដាំស្លទាំងរំភើបរីករាយ រង់ចាំផ្លូវកូនមកញ៉ាំបាយជុំគ្នាថ្ងៃភ្ជុំបិណ្ឌ ដូចខាងក្រោម ៖