Facebook, Google និង InMobi បង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យនៅលើទឹកដីកម្ពុជា
ទីផ្សារឌីជីថលកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា នឹងកំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បណ្តាក្រុមហ៊ុនអ៊ីនធឺណិតល្បីៗជាច្រើននៅពាសពេញសកលលោក ។ តាមរយៈតួលេខនៃការប្រើប្រាស់អ៊ីនធឺណិតដែលមានរហូតទៅដល់ 75% ហើយនាពេលនេះប្រជាជនកម្ពុជាជាងពាក់កណ្តាលនិយមប្រើប្រាស់បណ្តាញសង្គម ដូចជា Facebook, Google និង InMobi ។
ក្រុមហ៊ុន Havas Socialyse ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកឌីជីថលឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានអញ្ជើញក្រុមហ៊ុនឌីជីថលល្បីៗចំនួន ៣ ក្រុមហ៊ុនមកជួបជុំគ្នាជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ព្រឹត្តិការណ៍ជាប្រវត្ដិសាស្ដ្រនេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញអំពីដំណោះស្រាយនានាទាក់ទិននឹងបណ្តាញសង្គម និង វិស័យឌីជីថលដល់សហគមន៍អាជីវកម្មនៅក្នុងប្រទេសកម្ពុជា ។
កញ្ញា Anna Soliman ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ APAC នៃក្រុមហ៊ុន Facebook មានប្រសាសន៍ឲ្យដឹងថា «ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗកំពុងតែប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram ដើម្បីបង្កើតការប្រាស្រ័យទាក់ទងជាមួយគ្នាប្រកបដោយអត្ថន័យជារៀងរាល់ថ្ងៃ» ។
កញ្ញា ក៏បានបន្តទៀតថា «ដូច្នេះហើយ យើងមកកាន់ទីនេះដើម្បីធ្វើការជាមួយក្រុមហ៊ុន Havas Socialyse ដែលជាដៃគូដ៏សំខាន់របស់យើងមិនអាចខ្វះបានក្នុងគោលបំណងដើម្បីជួយដល់អាជីវកម្មរបស់ប្រទេសកម្ពុជាឱ្យបង្កើតបាននូវទំនាក់ទំនងដ៏មានអត្ថន័យយ៉ាងប្រសើរ និង ល្អឥតខ្ចោះ ក៏ដូចគ្នាជាមួយនឹងអតិថិជនរបស់ពួកគេផងដែរ» ។
សូមស្វែងយល់អំពីអ្វីដែល Facebook, Google, InMobi និងSocialyseចង់និយាយពីកម្ពុជា ៖
អំពីក្រុមហ៊ុន Havas Socialyse Cambodia
Socialyse ជាក្រុមហ៊ុនឌីជីថលមួយដ៏ធំដែលជាសមាជិករបស់ក្រុមហ៊ុន Havas Group ដែលកំពុងធ្វើការនៅតាមបណ្តាការិយាល័យចំនួន 39 និង ធ្វើប្រតិបត្តិការនៅក្នុងប្រទេសចំនួន 80 ។ ជាមួយនឹងការផ្តល់ជូននូវសេវាកម្មផ្នែកឌីជីថល 360 ដឺក្រេ ក្រុមហ៊ុន Havas Socialyse Cambodia ប្រមូលផ្តុំទៅដោយអ្នកជំនាញដែលមានចំណេះដឹងជ្រៅជ្រះ និង មានទេពកោសល្យខ្ពស់ក្នុងស្រុក ហើយក្រុមហ៊ុននេះនឹងបន្តខិតខំបង្កើនលទ្ធភាពរបស់ខ្លួនបន្ថែមទៀតដើម្បីសហការជាមួយដៃគូសកលរបស់ក្រុមហ៊ុន Havas និង Vivendi Group ដែលក្រុមហ៊ុនទាំងនោះមានដូចជា Gameloft, Ekino និង Universal Music ជាដើម ៕