ប្រពៃណីចម្លែកនៃកុលម្ព័ន្ធមួយ ពាក់ស្រោមដៃស្រមោចពិស ដើម្បីបញ្ជាក់ភាពពេញវ័យ
ប្រពៃណីដ៏ចម្លែក និង សាហាវមួយនៃកុលសម្ព័ន្ធ Mawé គឺតម្រូវឱ្យក្មេងប្រុសត្រូវរងការឈឺចាប់ដ៏ខ្លាំងក្លាមួយ ប្រសិនបើពួកគេចង់បញ្ជាក់ថា ខ្លួនពេញវ័យកំលោះហើយនោះ។
កុលសម្ព័ន្ធ Mawé គឺជាកុលសម្ព័ន្ធមួយ ដែលរស់នៅក្នុងព្រៃអាម៉ាហ្សូន ប្រទេសប្រេស៊ីល។ កុលសម្ព័ន្ធនេះដែរ មានប្រពៃណីដ៏ចម្លែកមួយ ដែលតម្រូវឱ្យក្មេងប្រុសត្រូវតស៊ូនឹងការឈឺចាប់ដោយឱ្យសត្វស្រមោចពិសខាំ។
សត្វស្រមោចគ្រាប់កាំភ្លើង (Bullet Ant) គឺជាប្រភេទសត្វស្រមោចម្យ៉ាង ដែលមានពិសខ្លាំងបំផុតលើសសត្វល្អិតដទៃ។ ដូចនឹងឈ្មោះរបស់វា ការខាំទិចដោយសត្វស្រមោចប្រភេទនេះ គឺមានការឈឺចាប់ខ្លាំង ប្រៀបបីដូចជាត្រូវគ្រាប់កាំភ្លើងចាក់ទម្លុះដូច្នោះដែរ។
ក្នុងពិធីប្រពៃណីរបស់កុលសម្ព័ន្ធព្រៃអាម៉ាហ្សូននេះដែរ គឺតម្រូវឱ្យម្ចាស់ពិធីត្រូវចូលព្រៃទៅចាប់ប្រមូលសត្វស្រមោចគ្រាប់កាំភ្លើង និង ធ្វើឱ្យពួកវាសន្លប់សិន។ ក្រោយមកយកពពួកសត្វអាសិរពិសទាំងនេះ ទៅចងក្នុងស្រោមដៃដែលត្បាញពីស្លឹកឈើ។
នៅពេលសត្វស្រមោចដឹងខ្លួនវិញ ស្រោមដៃទាំងនោះ នឹងត្រូវពាក់លើដៃក្មេងប្រុសៗដែលចូលរួមពិធីប្រពៃណីនេះ។ ក្មេងប្រុសក្នុងកុលសម្ព័ន្ធ ត្រូវពាក់ស្រោមដៃពោរពេញដោយសត្វស្រមោចពិសនេះរយៈពេល ៥ នាទីពេញ ស្របពេលស្រមោចកំពុងតែទិចខាំដៃពួកគេយ៉ាងចាស់ដៃនោះ។
ឆ្លងផុតពេល ៥ នាទី ស្រោមដៃនោះត្រូវបានដោះចេញវិញ ប៉ុន្តែក្មេងប្រុសទាំងនោះ គឺស្ថិតក្នុងការឈឺចុកចាប់ខ្លាំង រហូតត្រូវគ្រវីគ្រវាត់ដៃរាប់ម៉ោង។ មិនមែនឈឺចាប់តែម្ដងរួចចប់នោះទេ ក្មេងៗកុលសម្ព័ន្ធ Mawé ត្រូវប្រារព្ធធ្វើពិធីមួយចំនួនសរុប ២០ ដងក្នុងមួយជីវិតរបស់ពួកគេ ទើបខាងកុលសម្ព័ន្ធទទួលស្គាល់ថាជាមនុស្សប្រុសពេញវ័យពិតៗ។
ពិធីដ៏សាហាវមួយនេះ គឺរៀបចំឡើង មិនត្រឹមតែបង្ហាញពីភាពពេញវ័យរបស់ក្មេងប្រុសៗប៉ុណ្ណោះទេ ប៉ុន្តែក៏ក្នុងបំណងឱ្យក្មេងទាំងនោះ ក្លាហានហ៊ានប្រឈមមុខរាល់គ្រោះថ្នាក់ដែលកើតមានក្នុងព្រៃ ព្រោះពួកគេនឹងក្លាយជាអ្នកប្រមាញ់ និង ទ័ពការពារកុលសម្ព័ន្ធនៅពេលខាងមុខ៕
ប្រភព៖ ALL THATS INTERESTING