
ដំណឹងល្អ! ក្រុមហ៊ុន Sinopharm ត្រៀមផលិតថ្នាំគ្រាប់ព្យាបាលកូវីដ ក្រោយតេស្តជោគជ័យលើអ្នកជំងឺ
ក្រុមហ៊ុន Sinopharm កំពុងធ្វើការលើដំណើរការផលិតថ្នាំគ្រាប់ចំនួន ២ ប្រភេទ ដែលអាចកាត់បន្ថយផលប៉ះពាល់នៃវីរុសកូវីដ-១៩ លើអ្នកជំងឺឆ្លង ហើយវាអាចនឹងមានប្រសិទ្ធភាពលើអ្នកជំងឺដែលមានអាការជំងឺស្រាល។
បើតាមការបញ្ជាក់របស់លោក Zhang Yuntao អនុប្រធាន និងប្រធានវិទ្យាសាស្ត្រប្រចាំសាខាមួយនៃក្រុមហ៊ុន Sinopharm បានឱ្យដឹងថា ថ្នាំគ្រាប់ទាំង ២ ប្រភេទនោះ គឺផលិតឡើងផ្អែកតាមប្រតេអ៊ីន (Immunoglobulin) របស់មនុស្ស រួមទាំងការក្លូនអង់ទីគ័រ ដែលទាំងនេះគឺប្រើប្រាស់សម្រាប់ការបន្សាបវីរុស ឬកាត់បន្ថយការផ្ទុកវីរុសនៅក្នុងខ្លួនមនុស្ស។
លោក Zhang បានបន្ថែមទៀតថា ថ្នាំគ្រាប់នេះដែរ គឺមានប្រសិទ្ធភាពលើអ្នកជំងឺដែលមានអាការស្រាល និងមធ្យម នេះដោយផ្អែកលើទិន្នន័យពីការប្រើប្រាស់បន្ទាន់នៃថ្នាំនេះ រួមទាំងតម្រូវការសាកល្បងនាពេលបច្ចុប្បន្ន។
កាលពីដើមខែនេះ ថ្នាំគ្រាប់មួយក្នុងចំណោមថ្នាំទាំង ២ នេះ ត្រូវបានបង្ហាញជាលើកដំបូង អំឡុងការធ្វើពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិចិនឆ្នាំ ២០២១។ ក្រុមហ៊ុននេះដែរ បានអះអាងថា ពួកគេជាក្រុមហ៊ុនដំបូងគេលើពិភពលោក ដែលផលិតថ្នាំគ្រាប់កូវីដ-១៩ ដែលផ្អែកលើប្រូតេអ៊ីនមនុស្ស ផលិតចេញពីប្លាស្មារបស់អ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយ។
ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ នេះ នឹងដាក់ធ្វើការតេស្តព្យាបាល ស្របពេលអ្នកផលិតនឹងបំពេញការងារជិតស្និទ្ធជាមួយដៃគូអន្តរជាតិ៕
ប្រភព៖ Global Times