ជនជាតិដើមភាគតិចមួយ សាក់ស្នាមញញឹមលើបបូរមាត់ស្រីៗ ជឿថានាំសំណាងល្អ បណ្ដេញព្រាយបិសាច
Ainu គឺជាជនជាតិដើមភាគតិចនៃប្រទេសជប៉ុន និង រុស្ស៊ី ។ ជនជាតិ Ainu នៅប្រទេសជប៉ុន ត្រូវបានគេនិយាយថា មានដើមកំណើតពីជនជាតិ Jomon ដែលជាជនជាតិមានវត្តមាននៅប្រទេសជប៉ុនប្រមាណ ១៦ ០០០ ឆ្នាំមុន ។ Ainu ក៏មានការពាក់ព័ន្ធជាមួយជនជាតិ Emishi និង Satsumon ផងដែរ ដែលជនជាតិទាំង ២ នេះមានវត្តមាននៅប្រមាណ ៧០០ ឆ្នាំនៃគ្រិស្តសករាជ និង នៅដើមឆ្នាំ ១០០០ នៃគ្រិស្តសករាជ ។
ប្រៀបដូចដូនតារបស់ពួកគេ ជនជាតិ Ainu ចិញ្ចឹមជីវិតដោយការប្រមាញ់ និង ប្រមូលផល ។ អំឡុងរដូវក្ដៅ ពួកគេតែងតែធ្វើការប្រមូលបន្លែ និង នេសាទត្រីសាល់ម៉ុន ហើយក្នុងរដូវរំហើយ និង រងាវិញ ពួកគេធ្វើការប្រមាញ់សត្វទន្សាយ ខ្លាឃ្មុំ និង ក្ដាន់ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតលើជនជាតិមួយនេះគឺស្នាមសាក់របស់ពួកគេ ។ ការសាក់ គឺធ្វើឡើងតែលើមនុស្សស្រីតែប៉ុណ្ណោះ ។ អ្នកជំនាញខាងសាក់ នឹងធ្វើការសាក់លើមុខមាត់ក្មេងស្រី ឬ អាចនឹងនៅលើថ្ងាសតែម្ដង ។ ក្រោយរៀបការ ដៃរបស់ស្ត្រីនោះនឹងត្រូវសាក់ពីម្រាមដៃដល់កែងដៃ ។
ដំណើរការទំនៀមទម្លាប់នៃការសាក់នេះ គឺចាប់ផ្ដើមធ្វើឡើងលើក្មេងស្រីអាយុចន្លោះពី ៦ ឬ ៧ ឆ្នាំទៅ ។ ស្នាមសាក់អុតតូចៗមួយចំនួនគឺធ្វើឡើងដំបូងនៅជិតបបូរមាត់ផ្នែកខាងលើ ។ ពីមួយឆ្នាំទៅមួយឆ្នាំ នឹងមានស្នាមសាក់ថ្មីជាបន្តបន្ទាប់ ។ ដំណើរការនៃការសាក់នេះ នឹងត្រូវធ្វើឡើងរហូតដល់ពួកនាងរៀបការ ហើយនៅពេលនោះហើយ ដែលកូនកំលោះនឹងជាអ្នកធ្វើការចាក់ចុងក្រោយ ប្រែក្លាយស្នាមសាក់ទាំងមូលទៅជាស្នាមញញឹមលើបបូរមាត់គូស្នេហ៍របស់ខ្លួន ។
ជាមួយនឹងទំនៀមទម្លាប់ដ៏ចម្លែកនេះ រហូតមកទល់បច្ចុប្បន្ននៅមិនទាន់មានចម្លើយច្បាស់ការណាមួយថា ធ្វើឡើងដើម្បីអ្វីឱ្យពិតប្រាកដនោះឡើយ ដោយអ្នកខ្លះលើកឡើងថា ជាការអនុវត្តធ្វើតគ្នាពីបរមបុរាណ ខណៈមួយចំនួនទៀតនិយាយថា ដូនតាពួកគេជំនាន់មុន គ្មាននរណាធ្វើការសាក់អ្វីនោះឡើយ ។
ទោះជាយ៉ាងណា បើតាមការបកស្រាយក្នុងសៀវភៅរបស់អ្នកប្រវត្តិវិទូម្នាក់ដែលមានចំណងជើងថា «The Ainu and their Folklore (1901)» បានឱ្យដឹងថា ស្នាមសាក់នៃជនជាតិនេះ ធ្វើឡើងជាពិសេសលើបបូរមាត់ខាងលើ និង ដៃ ដោយសារតែវាជាផ្នែកលេចធ្លោងាយឃើញបំផុត ។ ពួកគេធ្វើការសាក់នៅត្រង់កន្លែងទាំងនោះ ដោយសារក្នុងបំណងបន្លាចបណ្ដេញព្រាយបិសាចនៃរោគាទាំងឡាយ ។ ជំនឿជឿថា រាល់ព្រះមហេសីរបស់ព្រះអាទិទេព គឺគ្រប់គ្នាសុទ្ធតែមានស្នាមសាក់ ដូច្នេះនៅពេលព្រាយបិសាចមកចង់យាយី ហើយឃើញស្ត្រី Ainu មានស្នាមសាក់ដូចៗគ្នាបែបនេះ ពួកវានឹងច្រឡំថាជាពពួកព្រះម៉ែ នោះនឹងនាំគ្នារត់គេច ។
អ្នកប្រវត្តិវិទូដដែលបានលើកឡើងទៀតថា នៅពេលស្ត្រីចាប់ផ្ដើមចាស់ ហើយភ្នែកចាប់មើលមិនសូវច្បាស់ ពួកគេជំរុញឱ្យចាក់បបូរមាត់ និង ដៃជាថ្មី ដើម្បីនាំយកសុខភាពល្អមកវិញ ហើយនៅពេលណាមានគ្រោះអាសន្នរោគផ្ទុះក្នុងភូមិ ពពួកស្រីៗគឺនាំគ្នាជួបជុំសាក់ឱ្យគ្នាទៅវិញទៅមក ដើម្បីជាការបណ្ដេញរោគ ៕
ប្រភព៖ Bodyartforms