រឿងរ៉ាវពិតរបស់ក្មេង ២ នាក់ មានសម្បុរពណ៌បៃតង ខុសពីមនុស្សធម្មតា
រឿងរ៉ាវ «Children of Woolpit» ទាក់ទងនឹងបងប្អូនបង្កើត ២ នាក់ ដែលមានសម្បុរពណ៌បៃតង លេចមុខយ៉ាងអាថ៌កំបាំងក្នុងតំបន់ Suffolk នាដើមសតវត្សទី ១២ ។
អ្នកនៅក្នុងភូមិ នាំគ្នាភ្ញាក់ផ្អើល ក្រោយពួកគេបានប្រទះឃើញបងប្អូនប្រុសស្រីតូចៗ ២ នាក់ពណ៌សម្បុរបៃតង ឈរនៅខាងចុងនៃទីវាលមួយ ។ សម្លៀកបំពាក់របស់ពួកគេដេរឡើងពីរបស់មិនធ្លាប់បានស្គាល់ពីមុន ហើយភាសាពួកគេនិយាយគ្នា ក៏ស្ដាប់មិនបានផងដែរ ។
ក្មេងតូចៗដ៏ចម្លែកទាំង ២ រូប ដែលមិនស្គាល់ឈ្មោះនេះ គឺក្នុងសភាពអត់ឃ្លាន ប៉ុន្តែពួកគេបែរជាមិនព្រមញ៉ាំអាហារដែលអ្នកភូមិផ្ដល់ឲ្យឡើយ ។ ក្មេងទាំង ២ នាក់ត្រូវបាននាំយកទៅភូមិ Woolpit ហើយត្រូវបានគេដាក់ឈ្មោះឲ្យតាមគ្រឿងអន្ទាក់ដាក់សត្វឆ្កែចចក ដែលនៅទីនោះហើយ ពួកគេត្រូវបានទទួលឲ្យរស់នៅក្នុងផ្ទះអ្នកភូមិម្នាក់ ។
នៅទីនោះ អ្នកភូមិដ៏ចិត្តល្អទាំងនោះ បានយកសណ្ដែកឆៅស្រស់ឲ្យពួកគេទទួលទាន ដែលនេះហើយជាអាហារដំបូងដែលពួកគេព្រមទទួលយកទៅបរិភោគនោះ ។ ក្មេងតូចចម្លែកទាំង ២ នេះ គឺបន្តជីវិតរបស់ពួកគេដោយពឹងលើការបរិភោគសណ្ដែកឆៅស្រស់នេះរាប់ខែ រហូតដល់ពេលមួយពួកគេអាចទទួលទាននំប៉័ងបាន ។
ទោះជាយ៉ាងណា ជាអកុសល ក្មេងប្រុសបានធ្លាក់ខ្លួនឈឺ ហើយក៏ស្លាប់បាត់ទៅ ខណៈក្មេងស្រី មានសុខភាពល្អធម្មតា ។ នៅពេលយូរៗទៅ ក្មេងស្រីរូបនេះបានចាប់បាត់បង់ពណ៌នៃសម្បុររបស់នាង ហើយក៏ចាប់ផ្ដើមរៀនចេះនិយាយភាសាអង់គ្លេស ។
ក្រោយមក អ្នកនិពន្ធចំនួន ២ រូបឈ្មោះ Ralph និង William បានធ្វើដំណើរទៅកាន់ភូមិមួយនោះភ្លាមៗ ដើម្បីធ្វើការសម្ភាសពីដើមកំណើតរបស់ក្មេងស្រីអាថ៌កំបាំងរូបនោះ ។ ក្នុងការសម្ភាសសួរ ក្មេងស្រីរូបនោះបាននិយាយថា នាងនិងប្អូនប្រុសមកពីកន្លែងមួយឈ្មោះថា «Land of Saint Martin» ដោយនាងអះអាងថា នៅទីនោះគ្មានព្រះអាទិត្យឡើយ ហើយអ្នករស់នៅទីនោះទាំងអស់សុទ្ធតែមានសម្បុរពណ៌បៃតងដូចពួកគេអ៊ីចឹង ។
នាងរៀបរាប់ទៀតថា នាងនិងប្អូនប្រុសបានដើររកឪពុកខ្លួន ដោយពេលនោះក៏ប្រទះឃើញរូងភ្នំមួយ ។ ពួកគេចូលក្នុងរូងភ្នំនោះ ហើយក៏ចេះតែដើរទៅរហូតដល់ច្រកចេញមួយទៀត ក៏ដល់កន្លែងអ្នកភូមិប្រទះឃើញនេះឯង ។
អាថ៌កំបាំងរបស់កុមារទាំង ២ ត្រូវបានទស្សនៈជាច្រើនលើកឡើងមកបកស្រាយផ្សេងៗគ្នា ។ ក្នុងនោះដែរ អ្នកជំនាញខ្លះបានជឿជាក់ថា ក្មេងៗទាំងនោះគឺមានកើតជំងឺម៉្យាងហៅថា Hypochromic Anaemia ដែលកើតឡើងដោយសារតែរបបអាហារខ្សោយ ហើយជាលទ្ធផលធ្វើឲ្យសម្បុរស្បែកប្រែជាពណ៌បៃតងបែបនេះ ។
ខណៈទស្សនៈផ្សេងទៀត ជឿជាក់ថា ពួកគេជាក្មេងដែលបាត់ចេញពីក្រុមអន្តោប្រវេសន៍តំបន់ Flanders ដែលរស់នៅជិតកន្លែងមួយហៅថា Fornham St.Martin កន្លែងដាច់ដោយឡែកពីគ្នាពីភូមិ Woolpit ដោយកាត់ទន្លេ Lark ៕
ប្រភព៖ The Sun