នេះជាកាបូប ច្នៃឡើងយ៉ាងប្រណីតតម្លៃ ៧ លានដុល្លារ ថ្លៃជាងគេបំផុតលើលោក
ហាងគ្រឿងលម្អម៉ាកល្បីមួយនៅអ៊ីតាលី បានធ្វើការបញ្ចេញកាបូបយួរដៃដែលមានតម្លៃថ្លៃជាងគេបំផុតលើពិភពលោក ដោយដាក់លក់ក្នុងតម្លៃ ៧ លានដុល្លារ ។
ហាង Boarini Milanesi នឹងធ្វើការផលិតកាបូបប្រភេទ opulent Parva Mea ចំនួន ៣ ដែលកាបូបនីមួយៗ ត្រូវចំណាយពេល ១ ពាន់ម៉ោងក្នុងការធ្វើ ។ គ្រឿងគោលធ្វើពីស្បែកក្រពា កាបូបយួរដៃប្រណីតនេះ ក៏បន្ថែមការតុបតែងលម្អជាមួយរូបមេអំបៅធ្វើពីមាសពណ៌ស ចំនួន ១០ ដោយក្នុងនោះចំនួន ៤ បំពាក់ទៅដោយគ្រាប់ពេជ្រ ហើយ ៣ ផ្សេងទៀតដាក់ត្បូងកណ្ដៀង និង ៣ ចុងក្រោយបំពាក់ដោយត្បូងខៀវ paraiba tourmalines ដ៏កម្រ ដែលសរុបទាំងអស់ជាង ១៣០ ការ៉ាត់ ។
កាបូបនេះដែរ ច្នៃប្រឌិតឡើង លំនាំតាមទឹកសមុទ្រ ហើយថវិការមួយចំនួនទទួលបានពីការលក់ ខាងហាង នឹងយកទៅបរិច្ចាគជួយលើយុទ្ធនាការបញ្ចៀសកាកសំណល់ផ្លាស្ទិកក្នុងផ្ទៃសមុទ្រលើពិភពលោក ។
សហស្ថាបនិកក្រុមហ៊ុន Matteo Rodolfo Milanesi បានថ្លែងបញ្ជាក់ថា កាបូបនេះដែរ គឺធ្វើឡើងជូនចំពោះវិញ្ញាក្ខន្ធឪពុករបស់លោក ដែលបានមរណកាលទៅ តាំងពីលោកនៅក្មេងវ័យ ហើយវាច្នៃប្រឌិតឡើង តាមការចងចាំ ពេលរីករាយនឹងការលំហែនៅសមុទ្រជាមួយឪពុកលោក ៕
ប្រភព៖ Dailymail