ទម្លាយហេតុផលរំជួលចិត្ត កូនភ្លោះស្រីនាំគ្នាកែភេទ ប្ដូររូបរាងទៅជាប្រុសទាំងពីរនាក់បងប្អូន
ថ្មីៗនេះ រឿងរ៉ាវរបស់បងប្អូនប្រុសភ្លោះរូបសង្ហា ឈ្មោះ Jace និង Jack Grafe ដែលត្រូវបានទម្លាយដោយក្រុម LGBT កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន។
មិនខុសពីកូនភ្លោះដទៃ Jace និង Jack មានចំណង់ចំណូលចិត្ត និងបុគ្គលិកលក្ខណៈស្រដៀងគ្នា ។ ទោះជាយ៉ាងណា ចំណុចដូចគ្នាមួយទៀត ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺថា ពួកគេទាំង ២ មានបំណងចង់កែភេទដូចគ្នាដែរ ។
Jace និង Jack ចាប់កំណើតមកក្នុងរូបរាងជាមនុស្សស្រី ប៉ុន្តែភេទពិតប្រាកដរបស់ពួកគេ គឺផ្ទុយស្រឡះ ។ នៅក្នុងវ័យ ១៤ ឆ្នាំ Jace និង Jack ស្ថិតក្នុងសភាពជាមនុស្សស្រីនៅឡើយ ដោយពេលនោះដែរ ពួកគេបានឮនិយមន័យ «មនុស្សកែភេទ» ជាលើកដំបូង ។ ចាប់ពីពេលនោះមក ពួកគេបានចាប់ផ្ដើមយល់ពីខ្លួនឯង ហើយក៏បានចាប់ផ្ដើមសិក្សាលើការកែភេទនេះរៀងៗខ្លួន ដោយមានការលាក់បាំងពីគ្នា ។
ការលាក់បាំងនៅបន្តឡើងរាប់ឆ្នាំ ទម្រាំពួកគេសម្រេចចិត្តប្រាប់ពីអាថ៌កំបាំងខ្លួនមួយនេះទៅគ្នា ។ ពេលនោះហើយ ធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង ដោយរកឃើញថា ពួកគេមិនត្រឹមតែមានរូបរាងដូចគ្នាប៉ុណ្ណោះទេ ប៉ុន្តែភេទពិតប្រាកដរបស់ខ្លួនក៏ដូចគ្នាដែរ ។
ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ Jace និង Jack បាននាំគ្នាកាត់សក់ខ្លី និងចាប់ផ្លាស់ស្ទីលលេងសម្លៀកបំពាក់តាមតម្រូវការខ្លួន ។ មកដល់វ័យ ២១ ឆ្នាំ ពួកគេទាំង ២ បានចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរភេទ ដោយកាត់សាច់ដុំដើមទ្រូងចោល ។
រូបរាងថ្មីរបស់ពួកគេ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងលង់ស្រឡាញ់ជាខ្លាំង ដោយពួកគេប្រែទៅជាស្រស់សង្ហាខ្លាំង ។ បច្ចុប្បន្ន Jace និង Jack សុទ្ធតែមានមិត្តស្រីរៀងៗខ្លួន និងរស់នៅប្រកបដោយភាពរីករាយ និងសុភមង្គល ៕
ប្រភព៖ Kenh14