អស្ចារ្យណាស់! ស្ត្រីម្នាក់ បំបែកកំណត់ត្រាទៅដើរលេង ២០៨ ប្រទេស ត្រឹមរយៈពេល ៣ ថ្ងៃ
ស្ត្រីម្នាក់មកពីប្រទេសអារ៉ាប់ បានធ្វើដំណើរជុំវិញពិភពលោក ក្នុងពេលវេលាដ៏លឿនបំផុត មិនធ្លាប់មានពីមុន ។
លោកស្រីវេជ្ជបណ្ឌិត Khawla Al Romaathi បានបំបែកកំណត់ត្រាពិភពលោកថ្មីមួយ លើការធ្វើដំណើរកាត់ ៧ ទ្វីប ដោយចំណាយពេលលឿនបំផុត ។ នាងបានចំណាយពេលត្រឹម ៣ ថ្ងៃ ១៤ ម៉ោង ៤៦ នាទី និង ៤៨ វិនាទីប៉ុណ្ណោះ ពោលគឺមិនដល់ ៨៧ ម៉ោងផង ។
លោកស្រី Khawla បានធ្វើដំណើរទៅកាន់ ២០៨ ប្រទេស និងដែនដីមួយចំនួនទៀត ជុំវិញដំណើរកម្សាន្តរបស់នាង ។ គោលដៅចុងក្រោយបំផុត គឺក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី ទៅដល់នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ មុនពេលការធ្វើដំណើរត្រូវរឹតបន្ដឹង ដោយសារការរាតត្បាតនៃវីរុសកូវីដ ១៩ ។
តាមសម្ដីលោកស្រីវេជ្ជបណ្ឌិតរូបនេះ បានរៀបរាប់ថា «ប្រទេសអារ៉ាប់ គឺជាផ្ទះនៃមនុស្សច្រើនជាង ២០០ ជាតិសាសន៍ ។ ដូច្នេះហើយ ខ្ញុំចង់ទៅស្គាល់ប្រទេសរបស់ពួកគេ និងសិក្សាពីវប្បធម៌ និងប្រពៃណីរបស់ប្រទេសនីមួយៗ ។ វាអាចនិយាយបានថា ជាដំណើរកម្សាន្តដ៏លំបាកមួយ ដោយសារតែវាទាមទារភាពអត់ធ្មត់ច្រើន ជាពិសេសនៅប្រលានយន្តហោះ ក៏ដូចជាការត្រូវអង្គុយលើយន្តហោះយ៉ាងយូរនោះ » ។
ការប្រកាសពីភាពជោគជ័យរបស់ Khawla គឺត្រូវបានធ្វើឡើងចំថ្ងៃតែមួយនៃការប្រារព្ធថ្ងៃ «Guinness World Records Day» ដោយប្រធានបទប្រចាំឆ្នាំ ២០២០ នេះគឺ «Discover your World» ឬជាភាសាខ្មែរហៅថា «ការរុករកពិភពលោករបស់អ្នក» ។
លោកស្រី Khawla បានបង្ហាញក្ដីរំភើប ក្រោយជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោកនេះថា «ការរុករកពិភពលោករបស់អ្នក គឺជាប្រធានបទដ៏អស្ចារ្យមួយ ជាពិសេសក្នុងស្ថានភាពពិភពលោកនាពេលបច្ចុប្បន្ន ។ ខ្ញុំរកពាក្យអ្វីមកបង្ហាញអារម្មណ៍រំភើបរបស់ខ្ញុំបាននោះទេ ដែលត្រូវបានបញ្ចូលក្នុងការប្រារព្ធថ្ងៃ Guinness World Records Day នេះ» ៕
ប្រភព៖ indiatimes