រុក្ខជាតិចម្លែក ដុះមកមានរូបរាងដូចសត្វទីទុយ មានត្រចៀកមានភ្នែកធំក្រឡង់ៗ!
នៅលើពិភពលោកនេះ មានរុក្ខជាតិប្លែកចម្លែកជាច្រើនប្រភេទដែលមនុស្សនៅមិនទាន់ស្គាល់អស់ និង មិនដែលធ្លាប់បានឃើញមុនមក ជាក់ស្តែងកន្លងទៅនេះនៅប្រទេសថៃ គេទើបតែបានប្រទះឃើញរុក្ខជាតិផ្សិតផ្កាយដ៏កម្រម្យ៉ាង ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។
បន្ទាប់ពីរុក្ខជាតិផ្សិតផ្កាយដ៏កម្រត្រូវបានគេប្រទះឃើញហើយនោះ មានរុក្ខជាតិដ៏ចម្លែក និង កម្រមួយប្រភេទទៀតត្រូវបានគេប្រទះឃើញនៅថ្មីៗនេះ ដោយរុក្ខជាតិនោះមានរូបរាង និង សណ្ឋានដូចកូនសត្វទីទុយ មានភ្នែកធំក្រឡង់ៗ និង ត្រចៀកវែង ដែលក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ។
បើយោងតាមព័ត៌មានក្នុងប្រទេសថៃមួយបានចុះផ្សាយថា កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ មានបុរសជនជាតិថៃម្នាក់បានបង្ហោះរូបភាពរុក្ខជាតិដ៏ចម្លែកដែលមានរូបរាងដូចកូនសត្វទីទុយ មានភ្នែកក្រឡង់ៗ ដ៏កម្រនេះចូលបណ្តាញសង្គម ដោយវាទទួលបានការចាប់អារម្មណ៍ និង មានចែកចាយបន្តគ្នាយ៉ាងច្រើន ព្រោះគេចម្លែកចិត្តនៅពេលបានឃើញវាលើកដំបូង ។
សម្រាប់រុក្ខជាតិនេះដែរ ជាប្រភេទរុក្ខជាតិអាស្រ័យឫសចាប់ផ្តើមលូតលាស់លេចចេញជារូបរាងដូចសត្វទីទុយពិតនៅក្នុងរដូវវស្សា ហើយវាត្រូវបានគេចាត់ទុកជារុក្ខជាតិប្រភេទថ្មីទើបនឹងរកឃើញ និង មិនទាន់មានព័ត៌មានច្បាស់លាស់ពីវានៅឡើយទេ ដោយវាមាននៅតែក្នុងការចុះផ្សាយ Phytotaxa 333 (2): 287-292 កាលពីឆ្នាំ ២០១៩ ប៉ុណ្ណោះ ។
គួរឱ្យដឹងដែរថា រុក្ខជាតិមានរូបរាងដូចសត្វទីទុយនេះត្រូវបានរកឃើញម្តងរួចមកហើយកាលពី ៣ ឆ្នាំមុននៅឯស្រុកមួយ ក្នុងខេត្តតាក ប្រទេសថៃ ដោយបុរសពីររូប ហើយរុក្ខជាតិនេះដែរក៏ត្រូវបានគេចាត់ទុកជាមោទកភាពមួយរបស់ប្រជាជនខេត្តតាក និង ប្រទេសថៃផងដែរ ៕