ទៅទទួលសេវាកម្មលុបអាចម៌រុយ និង ស្នាមដៅនៅមន្ទីរពេទ្យកែសម្ផស្សមួយ មិនទាន់បានស្អាតផង បែរជួបរឿងអកុសលបាត់បង់ជីវិត
សារព័ត៌មាន South morning China post បានរាយការណ៍ពីរឿងរ៉ាវរបស់ស្រ្តីជនជាតិចិនវ័យ ២៧ ឆ្នាំម្នាក់ ដែលបានបាត់បង់ជីវិត ក្រោយពីទៅលុបអាចម៌រុយ និងស្នាមដៅនៅមន្ទីរពេទ្យកែសម្ផស្សមួយកន្លែងបានតែត្រឹម ១០ ថ្ងៃគត់។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរងគ្រោះខាងលើនេះ នាងមានស្នាមអាចម៌រុយ ក៏ដូចជាស្នាមដៅយ៉ាងច្រើននៅលើរាងកាយ ដែលតម្រូវឱ្យនាងព្យាបាលបំបាត់ដោយការបាញ់ឡាហ្ស៊ែជាប្រចាំ។ ក្នុងនោះ នាងបានទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយឈ្មោះ Tianjin’s Jinmen Dermatology Hospital ហើយនាងបានទទួលសេវាកម្មចំនួន ៩ ដងរួចមកហើយ ដោយចំណាយប្រាក់អស់ចំនួន ១០០ ០០០ យ័ន ដែលស្មើប្រមាណនឹងជិត ១៤ ម៉ឺនដុល្លារ។ ក្នុងការទទួលសេវាកម្មម្តងៗ នាងក៏តែងតែត្អូញប្រាប់ពេទ្យថាឈឺពេញខ្លួនប្រាណ ដោយសារតែការប្រើថ្នាំស្ពឹក ពេលខ្លះក៏ត្រូវបញ្ឈប់ពាក់កណ្តាលទីទៀតផង។
លុះមកដល់ការទទួលសេវាកម្មលើកទី ១០ នាងក៏មានការវិលមុខ ក្រោយពីពេទ្យលាបថ្នាំស្ពឹកឱ្យ ហើយក្រោយមកនាងក៏មានអាការៈប្រកាច់ និង បេះដូងឈប់ដើរ ចំណែកគ្រូពេទ្យក៏បានបញ្ជូននាងទៅសង្រ្គោះបន្ទាន់ តែជាអកុសលខណៈ ១០ ថ្ងៃក្រោយមកនាងក៏បានបាត់បង់ជីវិតទៅ។ យ៉ាងណាមិញ ខាងគ្រូពេទ្យសង្គ្រោះបន្ទាន់បានឱ្យដឹងថា នាងបានស្លាប់ដោយសារមានជំងឺលើសសម្ពាធឈាមនៅក្នុងខួរក្បាល ហើយពេលនេះសាកសពរបស់នាង ត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច្ច័យ និង រង់ចាំលទ្ធផលត្រួតពិនិត្យ៕
ប្រភព៖ Kapook