យំលែងចេញ! ជិះតាមផ្លូវឃើញពូលក់ដំឡូងក៏ឈប់ទិញ ២ ពាន់រៀល តែច្រឡំបាញ់តាមកុង ២ ពាន់ដុល្លារ ទម្រាំដឹងរឿងមិនដឹងទៅរកអ្នកលក់នៅទីណា
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកបន្តគ្នាព្រោងព្រាតទុកជាមេរៀន បន្ទាប់ពីមានស្ត្រីម្នាក់បានបង្ហោះពីករណីដែលខ្លួនបានជួបប្រទះ ដោយបានបាញ់ប្រាក់ ២០០០ ដុល្លារទៅកាន់លោកពូលក់ដំឡូងតាមផ្លូវ ដោយច្រឡំថាជាកុងលុយប្រាក់រៀល ខណៈបច្ចុប្បន្នពុំដឹងថាគាត់ទៅដល់ណានោះឡើយ។
ទាក់ទិនទៅនឹងរឿងនេះ ស្ត្រីដែលមានគណនីឈ្មោះ Roth Anygel បានបង្ហោះនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ឱ្យបានដឹងបែបនេះថា ៖ «ធ្លាប់តែឃើញគេ ឥលូវខ្លួនឯងជួបម្តង ចង់គាំងបេះដូងហើយ! ជិះឃើញពូលក់ដំឡូងតាមផ្លូវឈប់ទិញ ២០០០៛ ឱ្យក្រដាស ២០ ០០០៛ គាត់អត់លុយអាប់ឱ្យ ក៏បាញ់តាមកុង ធ្លាប់តែរាល់ដងបាញ់តែលុយខ្មែរទេ តែថ្ងៃនេះអត់ចាប់អារម្មណ៍សោះ ណាមួយចាំងថ្ងៃផងក៏បាញ់ទៅយ៉ាងស្រួល ២០០០$។ តាំងពីម៉ោង ៨:៣៩ នាទីព្រឹក ទើបដឹង ឥលូវមិនដឹងគាត់ទៅដល់ណា»។
យ៉ាងណាមិញ តាមរយៈករណីនេះ ជាមេរៀនសម្រាប់បងប្អូនអ្នកប្រើប្រាស់ការទូទាត់ប្រាក់តាម QR កូដ ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការផ្ទេរប្រាក់ទៅកាន់គណនីផ្សេងៗ ពិសេសការច្រឡំបាញ់ប្រាក់រៀល ទៅជាប្រាក់ដុល្លារ ដែលកន្លងមកក៏ធ្លាប់មានករណីបែបនេះជាច្រើនមកហើយដែរ៕