ប្រយ័ត្ន! នារីជប៉ុនម្នាក់ ត្រូវជាងម៉ាស៊ីនត្រជាក់ បន្លំដាក់ថ្នាំងងុយដេកក្នុងទឹកឱ្យផឹក រួចធ្វើសកម្មភាពបំពានបានសម្រេច
មានករណីមួយបានកើតទៅលើនារីជនជាតិជប៉ុនវ័យ ២០ ឆ្នាំម្នាក់ ដែលរស់នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយនាងត្រូវបានជាងជួសជុលម៉ាស៊ីនត្រជាក់ បន្លំឱ្យផឹកទឹកមានលាយថ្នាំងងុយដេក រួចបំពានផ្លូវភេទនាងដោយមិនប្រណី។
តាមព័ត៌មានបានឱ្យដឹងថា នៅថ្ងៃកើតហេតុនារីរងគ្រោះបាននៅផ្ទះម្នាក់ឯង រួចក៏ខលហៅជាងជួលជុលម៉ាស៊ីនត្រជាក់ឱ្យមកមើលម៉ាស៊ីននៅផ្ទះរបស់ខ្លួន។ ជាងជួសជុលរូបនោះ មានវ័យ ៤០ ឆ្នាំ ហើយនៅពេលមកដល់គេក៏បានព្យាយាមនិយាយលេងជាមួយនាង រួចក៏ធ្វើជាចិត្តល្អហុចទឹកមួយដបមកឱ្យនាងផឹក ប្រាប់ថាអាកាសធាតុក្តៅណាស់ ផឹកហើយទៅសម្រាកចុះ។ ក្រោយពីនាងផឹកហើយ ស្រាប់តែមានអារម្មណ៍ថាវិលមុខរួចក៏ដេកលក់បាត់ទៅ ឯជាងរូបនោះក៏បានដៃរំលោភបំពានផ្លូវភេទនាង ហើយក៏គេចខ្លួនបាត់។ ឯនាងក៏ដេកសន្លប់រហូតដល់មានសមាជិកគ្រួសារមកដល់ ក៏បានសង្កេតឃើញថាមានអ្វីប្លែកៗ ទើបបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិស។
យ៉ាងណាមិញ ជនដៃដល់ត្រូវបានប៉ូលិសចាប់ខ្លួន ដោយផ្អែកទៅលើភស្តុតាងជាកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះរបស់នារីខាងលើ ប៉ុន្តែជនដៃដល់នៅតែប្រកែកថាខ្លួនមិនបានប្រព្រឹត្តឡើយ។ ដោយឡែក ប៉ូលិសបានរកឃើញថា ជនដៃដល់ធ្លាប់បានជួសជុលម៉ាស៊ីនត្រជាក់នៅក្នុងផ្ទះនេះកាលពីឆ្នាំមុន ដូចនេះហើយគេសង្ស័យថាជនដៃដល់បានរៀបគម្រោងចំពោះសកម្មភាពរបស់ខ្លួនក្នុងលើកនេះ ហើយខាងប៉ូលិសក៏នឹងត្រៀមដំណើរក្តីជាមួយជនដៃដល់ទៅតាមផ្លូវច្បាប់ផងដែរ៕
ប្រភព៖ Sanook