អ្នកទោសជិត ៣០០ នាក់នៅនីហ្សេរីយ៉ា ឆ្លៀតឱកាសរត់គេចខ្លួនអស់ ក្រោយគុកត្រូវទឹកជំនន់វាយប្រហ-ារ
យ៉ាងហោចណាស់អ្នកទោសចំនួន ២៧៤ នាក់បានរត់គេចខ្លួនអស់នៅរដ្ឋ Borno ប្រទេសនីហ្សេរីយ៉ា ខណៈពួកគេត្រូវបានជម្លៀសចេញពីគុកដែលរងការវាយប្រហារដោយគ្រោះទឹកជំនន់ នេះបើតាមការបញ្ជាក់ពីខាងមណ្ឌលកែប្រែប្រចាំប្រទេសនីហ្សេរីយ៉ា។
ថ្លែងបញ្ជាក់កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ខាងអ្នកនាំពាក្យមណ្ឌលកែប្រែបានឱ្យដឹងថា៖ «គ្រោះទឹកជំនន់បានធ្វើឱ្យជញ្ជាំងគុកមួយចំនួននៅរដ្ឋ Borno បានបាក់រលំ រួមទាំងពន្ធនាគារ Maiduguri ផងដែរ។ អ្នកទោសប្រមាណ ២៨១ នាក់បានគេចខ្លួនខណៈផ្លាស់ទៅកន្លែងឃុំឃាំងផ្សេង ដោយក្នុងចំណោមនោះមាន ៧ នាក់ត្រូវបានចាប់ខ្លួនបានវិញ»។
គ្រោះទឹកជំនន់បានវាយប្រហារប្រទេសនីហ្សេរីយ៉ាក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ ដែលសម្លាប់ជីវិតមនុស្សអស់ ២២៩ នាក់ ខណៈជាង ៣៨៦០០០ នាក់ត្រូវបានផ្លាស់ទៅកន្លែងមានសុវត្ថិភាព។ ក្នុងនោះរដ្ឋ Borno ដែលជាកន្លែងមានអ្នកទោសរត់គេចខ្លួនអស់រាប់រយនាក់នេះ ជាទីតាំងដែលរងគ្រោះដោយទឹកជំនន់ខ្លាំងក្លាជាងគេបំផុត។
កាលពីខែសីហាកន្លងទៅ ខាងផ្នែកជលសាស្ត្រ (NIHSA) បានដាក់ការព្រមានពីការកើនឡើងនៃទឹកទន្លេ Niger ហើយស្រាប់តែមកដល់ថ្ងៃទី ១១ ខែកញ្ញា កន្លងទៅនេះ ភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឱ្យទំនប់ទឹកមួយនៅនីហ្សេរីយ៉ាហូរហៀរទឹកលិចភូមិអ្នកស្រុក និង លិចដល់សួនសត្វមួយកន្លែងរហូតធ្វើឱ្យសត្វកាចសាហាវមួយចំនួនដូចជា ពស់ ក្រពើ រួចខ្លួនចូលក្នុងភូមិរបស់អ្នកស្រុក៕
ប្រភព៖ VN Express