ផ្អើលឆោឡោ! សុខៗស្រាប់តែឃើញក្នុងគណនី ABA ខ្លួនឯងមានកុងប្រាក់រៀលទាំងមិនដឹងខ្លួន ទម្រាំដឹងការពិតភ័យបែកញើស!
នៅពេលថ្មីៗនេះ អ្នកប្រើប្រាស់កម្មវិធី ABA Mobile App មួយចំនួននៅកម្ពុជាកំពុងផ្ទុះក្ដីងឿងឆ្ងល់ ក្រោយកម្មវិធីប្រើប្រាស់មានបង្កើតកុងគណនីប្រាក់រៀលខ្មែរជូនអតិថិជនដោយស្វ័យប្រវត្តិ ភ្ជាប់ជាមួយការជូនដំណឹងមួយ។
ជាក់ស្ដែងតាមរយៈសារជូនដំណឹងនោះ មានឈ្មោះថា «គាំទ្រប្រាក់រៀល ជាមួយយើងខ្ញុំ» ដោយបានបញ្ជាក់ថា ៖ «ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល យើងខ្ញុំនឹងបើកគណនីសន្សំជាប្រាក់រៀលជូនលោកអ្នក។ បើលោកអ្នក មិនត្រូវការគណនីប្រាក់រៀលនេះ សូមទាក់ទងមកយើងខ្ញុំតាមរយៈ ០៩៨ ២០៣ ២០៣ ឬ info@ababank.com។ បើលោកអ្នក មិនទាក់ទងមកយើងខ្ញុំទេ នោះយើងខ្ញុំនឹងចាត់ទុកថាលោកអ្នកឯកភាពយល់ព្រមលើការបើកគណនីនេះ។ សូមអរគុណសម្រាប់ការយោគយល់»។
តាមរយៈការបង្កើតគណនីជូនដោយស្វ័យប្រវត្តិនេះ បានធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនសម្ដែងក្ដីងឿងឆ្ងល់ និង មួយចំនួនទៀតបានរិះគន់ចំពោះភាគីធនាគារ ABA ផងដែរ។ ជាមួយរឿងរ៉ាវនេះដែរ បើតាមអ្នកប្រើប្រាស់ម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា បន្ទាប់ពីខ្លួនបានឃើញក្នុងគណនីស្រាប់តែមានបង្កើតគណនីប្រាក់រៀលទាំងខ្លួនមិនបានស្នើសុំនេះ បានធ្វើការទំនាក់ទំនងទៅកាន់ខាងធនាគារ ABA ដើម្បីសួរបញ្ជាក់ ដោយខាងធនាគារបានឱ្យដឹងថា ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារបានបើកគណនីសន្សំជាប្រាក់រៀលជូន ប៉ុន្តែលោកអ្នកអាចស្នើបិទគណនីប្រាក់រៀលវិញបានតាមរយៈការទៅដល់ទីតាំងខាសាណាមួយក៏បានរបស់ ABA រួចប្រាប់បញ្ហានេះដល់បុគ្គលិក ដើម្បីដំណើរការបិទ។
បន្ថែមលើនេះ ក៏មានការសួរបញ្ជាក់ទៀតដែរថា បើសិនជាគណនីប្រាក់រៀលនោះមិនមានប្រតិបត្តិការណ៍កើតឡើង តើនឹងមានបញ្ហាអ្វីដែរឬទេ? ដោយខាងធនាគារ ABA បានបញ្ជាក់មកវិញថា បើសិនជាបន្ទាប់ពីបង្កើតគណនីប្រាក់រៀលរួច ហើយមិនមានប្រតិបត្តិការណ៍អ្វីសោះក្នុងរយៈពេល ១ ឆ្នាំ នោះខាងធនាគារនឹងចាត់ទុកគណនីនោះថាអសកម្ម ហើយនឹងផាកពិន័យទឹកប្រាក់ ៤ ម៉ឺនរៀលពីអតិថិជន។ ដូច្នេះ ជាមួយបទពិសោធមួយ បើប្រិយមិត្តជួបប្រទះបញ្ហាខាងលើនេះ អាចធ្វើការទាក់ទង ឬ ទៅសាខាណាមួយរបស់ធនាគារ ABA បានដើម្បីលម្អិតពីព័ត៌មាននេះ៕