ចាប់ផ្តើមធ្វើរឿងមួយក្នុងវិបត្តិដ៏ធំ Longdy ក្លាយជាគ្រូបង្វឹកហាត់ប្រាណល្បីល្បាញនៅលើបណ្តាញសង្គម
ក្នុងវ័យ ៣៣ ឆ្នាំ Longdy Top ជាគ្រូបង្វឹកហាត់ប្រាណដ៏មានប្រជាប្រិយភាពនៅលើបណ្តាញសង្គម។ លោកបានបង្វឹកបុគ្គលល្បីៗជាច្រើន រាប់តាំងពីតារាសិល្បៈ អ្នកមានមុខមាត់នៅក្នុងសង្គម និង Influencer ជាដើម។ បច្ចុប្បន្ន លោកជាស្ថាបនិក និង ជាម្ចាស់នៃមជ្ឈមណ្ឌលហាត់ប្រាណ Bulldogs Fitness Center ដែលមានទីតាំងមួយនៅទីក្រុងភ្នំពេញ និង មួយទៀតនៅខេត្តសៀមរាប។
មុនក្លាយជាអ្នកធ្វើមាតិកា និង គ្រូបង្វឹកល្បីល្បាញនៅលើបណ្តាញសង្គម Longdy បានចាប់ផ្តើមធ្វើរឿងមួយនៅអំឡុងវិបត្តិជាសកល។ ជាក់ស្តែង ក្នុងបទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិ Prestige លោកបានរៀបរាប់ថា អំឡុងរាតត្បាតជំងឺកូវីដជាសកល មនុស្សគ្រប់គ្នាបានពុះពារនឹងជំងឺដោយទៅកន្លែងហាត់ប្រាណ។ ឃើញដូច្នេះ លោកក៏មានគំនិតបង្កើតវីដេអូហាត់ប្រាណរបស់ខ្លួនលើកដំបូង រួចបង្ហោះនៅលើបណ្តាញសង្គម។ អ្វីដែលមិនបានរំពឹងទុក ភ្លាមៗវីដេអូរបស់លោកបានផ្ទុះខ្លាំង ធ្វើឱ្យមហាជនស្គាល់លោកតាំងពីពេលនោះមក។
លោកបានលើកឡើងដែរថា ការធ្វើលំហាត់ប្រាណមិនគ្រាន់តែទទួលបានរាងស្អាតប៉ុណ្ណោះទេ ទន្ទឹមគ្នានេះ ការកំណត់របបអាហារប្រចាំថ្ងៃ និង សុខភាពផ្លូវចិត្ត ក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ។ ដំបូន្មានរបស់លោកគឺទទួលបានការអប់រំត្រឹមត្រូវ មុនពេលចាប់ផ្តើមអាជីព។
គួរឱ្យដឹងដែរថា លោក Longdy Top រៀនចប់ខាងគូរប្លង់ និង រចនាម៉ូដបែបសហសម័យ។ លោកមានបទពិសោធធ្វើជាគ្រូបង្វឹកប្រមាណជិត ១០ ឆ្នាំ។ លោកជាគ្រូបង្វឹកកាយវប្បកម្ម ដែលមានវិញ្ញាបនបត្របញ្ជាក់ត្រឹមត្រូវ ដោយសហព័ន្ធកីឡាកាយវប្បកម្ម និង កាយវប្បកម្មកម្ពុជា (Cambodia Bodybuilding and Physique Sports Federation) កាលពី ខែវិច្ឆិកា ឆ្នាំ ២០១៨។ ជាពិសេស លោកក៏ជាទូតសុច្ឆន្ទៈប្រចាំតំបន់ សម្រាប់ម៉ាកយីហោល្បីៗលំដាប់សកលផងដែរ៕