រកផ្លូវវាង! ស្អែកនេះ នៅភ្នំពេញ នឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ន តាមតម្រាយផ្លូវទាំងនេះ ដើម្បីដង្ហែសព សម្តេចចៅហ្វាវាំង គង់ សំអុល
នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរតាមតម្រាយផ្លូវដង្ហែសពជាបណ្តោះអាសន្ន ក្នុងការដង្ហែសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ០៦:០០ នាទីព្រឹកស្អែកនេះ នឹងរៀបចំពិធីដង្ហែសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ចេញពីគេហដ្ឋាន ឆ្ពោះទៅបូជានៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្បួនដង្ហែ ចាប់ផ្តើមដង្ហែចេញពីគេហដ្ឋាន តាមរុក្ខវិថីសម្តេចប៉ាន ឆ្ពោះទៅមហាវិថីព្រះនរោត្តម បត់ស្តាំឆ្ពោះទៅវង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ រហូតដល់ស្តុបនាគបាញ់ទឹក បត់ឆ្វេងតាមមហាវិថីសម្តេចសុធារស បន្តឆ្លងកាត់មុខព្រះបរមរាជវាំង រហូតដល់ផ្លូវលេខ ១៧៨ បត់ឆ្វេងទៅដល់មហាវិថីព្រះនរោត្តម រួចបត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅកាន់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង បត់ឆ្វេងតាមវិថីព្រះអង្គឌួង ឆ្ពោះទៅមហាវិថីសហព័ន្ធរុស្ស៊ី រហូតដល់ស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៤ រហូតដល់ទីតាំងប្រារព្ធពិធីបុណ្យបូជាសព នៅវត្តជម្ពូវ័ន។
ដើម្បីឱ្យពិធីដង្ហែសពខាងលើ ប្រព្រឹត្តទៅដោយរលូន និង ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់សមត្ថកិច្ច នឹងធ្វើការបញ្ចៀសចរាចរតាមតម្រាយផ្លូវដង្ហែសពជាបណ្តោះអាសន្ន។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើមេត្តា យោគយល់អធ្យាស្រ័យ និង ចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវដង្ហែសពខាងលើ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដោយក្តីអនុគ្រោះ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖