ក្រសួងជូនដំណឹងមុននេះ ព្យុះទី ១១ ឈ្មោះ «យ៉ាកជី» វិវត្តន៍ទៅជា «ព្យុះសង្ឃរា» មានឥទ្ធិពលលើកម្ពុជា ដល់ថ្ងៃទី ៧
នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថា ព្យុះទី ១១ ឈ្មោះយ៉ាកជី (Yagi) បានវិវត្តន៍ទៅជាព្យុះសង្ឃរា នឹងមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាបគ្របដណ្តប់លើឈូង សមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី ៥ ខែកញ្ញា ដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤ មានលក្ខណៈដូចតទៅ ៖
១. តំបន់វាលទំនាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសនិរតី និង ពាយ័ព្យ មានល្បឿនមធ្យម ៤,៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥៥%។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសនិរតី និង ពាយ័ព្យ មានល្បឿនមធ្យម ៣,៥ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និង ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៨០%។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ៦,៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០%។
– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរិមា ១ ម៉ែត្រ និង កម្ពស់មធ្យមអតិបរិមា ២,៥ ម៉ែត្រ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖