អ្នកវិទ្យាសាស្ត្ររកឃើញថ្នាំប្រឆាំងជំងឺអេដស៍បាន ១០០% ឯតម្លៃចាក់វិញគឺ ៤ ម៉ឺនដុល្លារ បើតម្លៃលក់ដុំជាង ៣ ម៉ឺនដុល្លារ
ការសិក្សាមួយបានរកឃើញថា ថ្នាំចាក់ដែលចាក់ចំនួន ២ ដងក្នុងមួយឆ្នាំបច្ចុប្បន្នប្រើប្រាស់ដើម្បីព្យាបាលជំងឺអេដស៍ (HIV) គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការបញ្ចៀសការឆ្លងជំងឺនេះក្នុងចំណោមស្ត្រីវ័យក្មេង និង ក្មេងស្រីជំទង់នៅបណ្ដាប្រទេសនៅអាហ្វ្រិក។ ថ្នាំនោះដែរត្រូវបានស្គាល់ឈ្មោះថា «Lenacapavir» បានបង្ហាញឱ្យថាមានប្រសិទ្ធភាព ១០០% ក្នុងការប្រឆាំងនឹងជំងឺអេដស៍អំឡុងពេលសាកល្បងលើកទី ៣ នេះបើតាមទិន្នន័យបញ្ចេញដោយក្រុមហ៊ុនផលិតឱសថ Gilead និង ការចេញផ្សាយលើ New England Journal of Medicine។
គួរឱ្យដឹងថា កាលពីដើមឡើយ អ្នកដែលកើតមានជំងឺអេដស៍ គឺពឹងផ្អែកទៅលើការប្រើប្រាស់ថ្នាំប្រចាំថ្ងៃដូចជាថ្នាំ Truvada ជាដើម ឬការចាក់ថ្នាំ Apretude មួយខែរំលងមួយខែ។ យ៉ាងណាមិញ វត្តមាននៃថ្នាំចាក់ lenacapavir ដែលជាថ្នាំចាក់ ២ ដងក្នុងមួយឆ្នាំនេះ អាចជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពខ្ពស់បំផុតថ្មីមួយក្នុងការប្រឆាំងនឹងជំងឺមួយនេះ។
ក្នុងការសិក្សាលើថ្នាំនេះដែរ អ្នកវិទ្យាសាស្ត្របានសាកល្បងលើស្ត្រី និង ក្មេងស្រីជំទង់មិនមានកើតជំងឺអេដស៍ចំនួនជាង ៥០០០ នាក់នៅអាហ្វ្រិក ដោយលទ្ធផលចេញមកបង្ហាញថា ស្ត្រីដែលមិនទទួលបានការចាក់ថ្នាំ lenacapavir គឺរកឃើញមានកើតជំងឺអេដស៍។ លទ្ធផលនៃការសិក្សានេះដែរក៏ត្រូវបានប្រកាសនៅសន្និសីទអន្តរជាតិស្ដីពីជំងឺអេដស៍នៅក្រុង Munich ប្រទេសអាល្លឺម៉ង់ កាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅផងដែរ។
ខណៈថ្នាំ lenacapavir មិនទាន់បានអនុម័តឱ្យប្រើប្រាស់ក្នុងការប្រឆាំងនឹងជំងឺអេដស៍នៅកន្លែងផ្សេងទៀតលើពិភពលោកក៏ពិតមែន ប៉ុន្តែថ្នាំនេះត្រូវបានខាង FDA ទទួលស្គាល់សម្រាប់ព្យាបាលជំងឺអេដស៍លើមនុស្សពេញវ័យ រួមជាមួយនឹងថ្នាំជំងឺអេដស៍ដទៃផ្សេងទៀត។ ចំពោះតម្លៃថ្នាំនេះវិញគឺប៉ាន់ប្រមាណថាអាចជាង ៤ ម៉ឺនដុល្លារក្នុងមួយឆ្នាំជាតម្លៃក្នុងបញ្ជីអ្នកផលិត ឬតម្លៃប្រមាណ ៣៩ ០០០ ដុល្លារក្នុងមួយឆ្នាំជាតម្លៃលក់ដុំជាមធ្យម។
គួរបន្ថែមថា ខណ៖ថ្នាំ lenacapavir នៅតែបន្តសិក្សាក្នុងការការពារប្រឆាំងមេរោគអេដស៍នៅឡើយ ការចោទសួរពីតម្លៃ និង លទ្ធភាពប្រើប្រាស់របស់ថ្នាំនេះនៅតែមិនទាន់បានបញ្ជាក់ច្បាស់នោះទេ៕
ប្រភព៖ India Today