កូនខ្មែរគួរដឹង! នេះជាប្រវត្តិប្រាសាទនានាក្នុងព្រះបរមរាជវាំងចតុមុខមង្គល មួយៗស្អាតមានរចនាល្អល្អះណាស់
ព្រះបរមរាជវាំង គឺជាកន្លែងព្រះមហាក្សត្រគង់ប្រថាប់ ព្រមទាំងព្រះរាជវង្សានុវង្ស ដែលមានឈ្មោះពេញថា «ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរបវឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ» ដោយមានទីតាំងនៅត្រង់ចំណុចប្រសព្វនៃទន្លេបួនមុន គឺទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និង ទន្លេសាប ហើយនៅក្នុងព្រះបរមរាជវាំងខ្មែរ មានប្រាសាទសំខាន់ៗ ចំនួន ១០ ដូចជា ៖
១. ប្រាសាទទេវាវិនិច្ឆ័យ
ប្រាសាទនេះស្ថិតនៅចំកណ្តាលផ្ទៃព្រះបរមរាជវាំង ត្រូវបានសាងសង់ក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩១៣ – ១៩១៧ ដោយមានបណ្តោយ ៦០ ម៉ែត្រ ទទឹង ៣០ ម៉ែត្រ និង មានកំពូលស្រួចកំពស់ ៥៩ ម៉ែត្រ ជាព្រះទីនាំងសម្រាប់ធ្វើពិធីរាជាភិសេកព្រះមហាក្សត្រឡើងសោយរាជ្យ ព្រះរាជពិធីបុណ្យទ្វារទសមាស ព្រះរាជសាវនាការថ្វាយការតាំង ពិធីសច្ចាប្រណិធាន ព្រមទាំងព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និង អន្តរជាតិ ហើយក្នុងប្រាសាទនេះគេចែកចេញជា ព្រះទីនាំងស្វេតឆ័ត្រ ហោរាជបណ្ឌិតហោព្រះអដ្តិ ព្រះទីនាំងក្សិណ ព្រះទីនាំងបុស្បុក ព្រះទីនាំងមហាមន្ទីរព្រះទីនាំងនារីរ័ត្នសោភា ព្រះទីនាំងចក្រពត្តិ និង ព្រះទីនាំងព្រះស្ងោយ ដោយនៅលើកំពូលស្រួច មានរូបព្រះភក្ត្រព្រះព្រហ្មមុខ ៤ បែរព្រះភក្ត្រទៅរកទិសទាំងបួន។
២. ប្រាសាទច័ន្ទឆាយា
ស្ថិតនៅជាប់កំពែងខាងមុន ឈាងខាងជើងនៃព្រះបរមរាជវាំង ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩១៣ ដែលជាព្រះទីនាំងសម្រាប់ហាត់របាំ សម្ដែងផ្ទាំងទស្សនីយភាព និង ព្រះរាជពិធីលាងសាយភោជន៍ ជូនភ្ញៀវកិត្តិយសជាន់ខ្ពស់ ប៉ុន្តែបច្ចុប្បន្នប្រាសាទនេះ គឺសម្រាប់ជាវេទិកាកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ទត ការហែក្បួនព្យុះហយាត្រាកងទ័ពជាតិ និង ជាវេទិកាកិត្តិយសពេលព្រះមហាក្សត្រ ទ្រង់ថ្លែងសុន្ទរក ថាទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គ នៅពេលមានពិធីបុណ្យសំខាន់ៗដូចជា ថ្ងៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា (៩ វិច្ឆិកា) ជាដើម។
៣. ប្រាសាទខេមរិន្ទ
ស្ថិតនៅខាងលិច ឈាងខាងជើងប្រាសាទទេវាវិនិច្ឆ័យ ដែលបានកសាងឡើងក្នុងឆ្នាំ ១៩២៧ ដល់ ១៩៣០ ដោយឧកញ៉ាទេពនិម្មិត ខៀវ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស។ ប្រាសាទនេះជា ព្រះរាជដំណាក់អចិន្ត្រៃយ៍សម្រាប់ព្រះមហាក្សត្រគង់ប្រថាប់ ហើយក៏ជាទីកន្លែងត្រៀមទុក្ខសម្រាប់ការស្នាក់អាស្រ័យរបស់បណ្តាប្រមុនរដ្ឋបរទេស ដែលមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែបច្ចុប្បន្នប្រាសាទនេះ ជាព្រះរាជដំណាក់ដែលព្រះមហាក្សត្រគង់នៅជាអចិន្ត្រៃយ៍។
៤. ប្រាសាទសហមេត្រី
ស្ថិតនៅខាងជើងហោសម្រាន្តភិរម្យ ក្បែរកំពែងព្រះបរមរាជវាំងខាងជើង កសាងឡើងនៅឆ្នាំ ១៩៥០ ក្នុងរជ្ជកាលព្រះបាទនរោត្ដមសីហនុ ព្រះបរមរតនកោដ្ឋ ជាព្រះរាជដំណាក់ថ្មី សម្រាប់ព្រះមហាក្សត្រីស៊ីសុវត្ថិកុសុមៈនារីរ័ត្ន ជាព្រះវររាជមាតារបស់ព្រះអង្គតាំងឧបោសថសីល ក្រោយពេលដែលព្រះស្វាមីព្រះបាទនរោត្តមសុរាម្រិតបានចូលទិវង្គត ហើយពីមុនជាកន្លែងសម្រាប់ជួបជុំនាយទាហានការពារព្រះបរមរាជវាំង ប៉ុន្តែក្រោយមកត្រូវបានប្រើប្រាស់ជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់។
៥. ប្រាសាទហោសំរាន្តភិរម្យ
ស្ថិតនៅខាងជើងប្រាសាទទេវាវិនិច្ឆ័យ កសាងឡើងក្នុងឆ្នាំ ១៩១៥-១៩១៧ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ ជាកន្លែងសម្រាប់ទុកឧបករណ៍តន្ត្រីបុរាណ និង ប្រពៃណីខ្មែរ ព្រមទាំងត្រៀមប្រដាប់ប្រដាសម្រាប់ ព្រះរាជពិធីហែក្បួនផ្សេងៗ ដោយនៅជាន់ខាងលើជាបន្ទប់សម្រាប់ព្រះមហាក្សត្រទ្រង់សម្រួលព្រះកាយមុន និង ក្រោយពេលព្រះអង្គទ្រង់គង់ និង ចុះពីគជេន្ទ្រ (ស្ដេចដំរី) នៅពេលត្រលប់ពីបរបាញ់សត្វ ប៉ុន្តែក្រោយមកក៏បានក្លាយទៅជាសារមន្ទីរព្រះសីហនុ ដែលមានតម្កល់ទុកវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃ ដែលមហាអគ្គបុរសរដ្ឋនៃបណ្តាប្រទេសជាមិត្តថ្វាយដល់ព្រះមហាក្សត្រ ហើយក្រោយមកទៀត សារមន្ទីរនេះត្រូវបានរើទៅដាក់នៅថែវខាងមុខប្រាសាទភោជនីយវិញនៅឆ្នាំ ២០០៥ រហូតដល់សព្វថ្ងៃ។
៦. ប្រាសាទសំរិទ្ឋភិមាន ឬហោព្រះខ័ន
ស្ថិតនៅខាងត្បូងប្រាសាទទេវាវិនិច្ឆ័យ ត្រូវបានកសាងឡើងដំណាលគ្នានឹងប្រាសាទហោសំរាន្តភិរម្យដែរ គឺនៅឆ្នាំ ១៩១៥ – ១៩១៧ ដោយប្រាសាទនេះត្រូវបានប្រើប្រាស់ សម្រាប់ជាកន្លែងតម្កល់នូវគ្រឿងបញ្ចកកុធភណ្ឌរួមមាន ព្រះខ័នរាជ្យ ម្កុដរាជ្យ ព្រះសុព៌ណបាទុកា ព្រះលំពែងជ័យ ព្រះវាលវីជនី ក្រិស ផ្ទិលធំ។ល។ ហើយនៅហោព្រះខ័ន នេះត្រូវបានក្រុមបារគូរៀបចំអាសនៈ ថ្វាយទេវតាខាងព្រហ្មញ្ញសាសនាមាន ព្រះសិវៈ ព្រះវិស្ណុ ព្រះចន្ទ ព្រះគណេស និង ព្រះកម្ចាយ។
៧. ព្រះទីនាំងភោជនីយ
ព្រះទីនាំងភោជនីយ ត្រូវបានកសាងឡើងនៅឆ្នាំ ១៩១៣ – ១៩១៧ សម្រាប់ប្រើប្រាស់ក្នុងពិធីលៀងសាយភោជន ក្នុងពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ និង សម្រាប់ការសម្តែងសិល្បៈ ឬ ផ្ទាំងទស្សនីយភាព ភាពយន្តជូនដល់ភ្ញៀវកិត្តិយសជាន់ខ្ពស់របស់ព្រះមហាក្សត្រ ដោយក្នុងពិធីនោះនាម៉ឺនសព្វមុខមន្ត្រីបានរៀបចំដាក់តាំងផលិតផលដ៏មានតម្លៃផ្សេងៗនៅលើតុ ដែលគេរៀបចំនៅតាមថែវខាងកើត និង ខាងត្បូងនៃព្រះទីនាំងភោជនីយ ដែលគេឱ្យឈ្មោះថា «បុណ្យតាំងតុ»។
៨. វិមានស្តេចណាប៉ូឡេអុងទី ៣
វិមាននេះបានកសាងឡើង ដោយដែកមានលម្អដោយរូបនាឡិកាមួយដ៏ធំសម្រាប់រាជិនីជាព្រះជាយារបស់ព្រះចៅអធិរាជណាប៉ូឡេអុងទី ៣ ព្រះនាម «ព្រះអធិរាជនីអីហ្ស៊េនី» នៅពេលបើកសម្ពោធព្រែកជីកស៊ុយអេ នៅឆ្នាំ ១៨៦៩ បន្ទាប់មកព្រះចៅអធិរាជណាប៉ូឡេអុងទី ៣ ក៏បានថ្វាយជា អនុស្សាវរីយ៍ដល់ព្រះបាទនរោត្តម ក្នុងឆ្នាំ ១៨៧០ ដើម្បីជាចំណងមិត្តភាពបារាំង-ខ្មែរ យូរអង្វែង ហើយប្រាសាទនេះត្រូវបានរៀបចំដំឡើងឡើងវិញ តាមគំរូដើមទាំងអស់ក្នុងឆ្នាំ ១៨៧៦ រហូតដល់បច្ចុប្បន្ន ប្រាសាទនេះត្រូវបានគេរៀបចំដាក់តាំងនូវផ្ទាំងគំនូរ វត្ថុសិល្បៈ។
៩. ព្រះរាជដំណាក់ច័ន្ទ ឬ ព្រះរាជការិយាល័យ
ស្ថិតនៅខាងក្រោយប្រាសាទណាប៉ូឡេអុងទី ៣ ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩៥៤ – ១៩៥៩ ក្នុងរជ្ជកាលព្រះបាទនរោត្ដមសុរាម្រឹត ក្រោយការដាក់រាជ្យបាន ៤ ឆ្នាំ នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលបានដាក់រាជ្យនៅ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ១៩៥៥ ដោយប្រាសាទនេះត្រូវបានចែកចេញជា ២ ជាន់គឺ ១ ជាន់ សម្រាប់ទុកដាក់គ្រឿងអលង្ការក្រុមរបាំព្រះរាជ្យទ្រព្យ ព្រះពស្ដ្រ និង វត្ថុអនុស្សាវរីយ៍ការទូត ហើយមួយជាន់ទៀតនៅខាងត្បូង រៀបចំជាការិយាល័យរបស់មន្ត្រីនៃព្រះបរមរាជវាំង និង ជាព្រះរាជការិយាល័យព្រះប្រមុខរដ្ឋសម្តេចនរោត្តមសីហនុ ប៉ុន្តែបច្ចុប្បន្នព្រះរាជដំណាក់ច័ន្ទ ជាមន្ទីរការិយាល័យរដ្ឋបាលនៃក្រសួងព្រះបរមរាជវាំង។
១០. ព្រះវិហារព្រះកែវមរកត
ព្រះវិហារនេះមានតម្កល់ព្រះពុទ្ឋបដិមាមួយអង្គធ្វើអំពីត្បូងកែវដ៏មានតម្លៃ ដែលមានព៌ណដូចមរកត ហើយភ្ញៀវបរទេសនិយម ហៅថា «វត្តប្រាក់» ព្រោះបាតក្រោមនៃព្រះវិហារមានក្រាលការ៉ូអំពីប្រាក់សុទ្ធ ដែលមានទម្ងន់ ១១២៥ គីឡូក្រាម ក្នុងមួយសន្លឹក ហើយមានចំនួនសរុប ៥៣២៩ សន្លឹកការ៉ូប្រាក់៕