
ស្អាតអស្ចារ្យក្រៃលែង! ទិដ្ឋភាពប្រាសាទកោះកេរ ថតពីលើអាកាស នារដូវវស្សា
ខេត្តព្រះវិហារ ជាខេត្តស្ថិតនៅភាគខាងជើងបំផុតនៃប្រទេសកម្ពុជា ដែលមានផ្ទៃដីធំជាងគេលំដាប់ទី ២ និង ជាខេត្តមានលក្ខណៈវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិ ហើយក៏ជាតំបន់មួយបានទាក់ទាញភ្ងៀរជាតិ និង អន្តរជាតិជាច្រើន ឱ្យមកទស្សនាទេសភាពព្រៃធម្មជាតិ និង ប្រាសាទបុរាណ ដូចជា ប្រាសាទព្រះវិហារ និង ប្រាសាទកោះកេរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
យ៉ាងណាមិញ នាពេលថ្មីៗនេះ ប្រាសាទកោះកេរ ដែលស្ថិតក្នុងទឹកដីខេត្តព្រះវិហារ ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀវទេសចរ ទាំងជាតិ និង អន្តរជាតិ ព្រោះរមណីយដ្ឋានតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ទើបតែត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ។
ក្រោយពីតំបន់រមណីយដ្ឋានប្រាសាទកោះកេរ បានចូលបេតិកភណ្ឌពិភពលោកហើយ រូបភាពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពជុំវិញប្រាសាទកោះកេរ និង ប្លង់ថតពីខាងលើប្រាសាទនារដូវវស្សា កំពុងត្រូវបានគេចែករំលែកបន្តពេញបណ្ដាញសង្គមហ្វេសប៊ុក ព្រោះរូបភាពដ៏ស្រស់ស្អាតទាំងនោះបានបង្ហាញឱ្យឃើញថា ប្រាសាទមានសភាពស្អាតប្លែក ខុសពីរដូវប្រាំង ដោយមានស្មៅដុះលាស់ខៀវខ្ចីល្អសម្រាប់ថតរូបលេងកម្សាន្ត និង ស្រូបយកនូវខ្យល់អាកាសល្អបរិសុទ្ធពីដើមឈើ ដែលដុះនៅជុំវិញប្រាសាទ ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីមួយពីបរិយាកាសធម្មជាតិដ៏ស្រស់បំព្រងផងដែរ។
គួរឱ្យដឹងដែរថា រមណីយដ្ឋានប្រាសាទកោះកេរ មានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ ស្រុកគូលែន ដែលស្ថិតនៅជិតព្រំប្រទល់ខេត្តសៀមរាប មានចម្ងាយ ៧២ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ហើយក្រុមប្រាសាទកោះកេរ នេះដែរមានប្រាសាទព័ទ្ធជុំវិញចំនួន ៣៨ ប្រាសាទ ដែលមានចំងាយពីប្រាសាទមួយទៅប្រាសាទមួយពី ២ ទៅ ៥ គីឡូម៉ែត្រ ដោយត្រូវបានកសាងកសាងឡើង ដោយព្រះបាទជ័យវរ្ម័នទី ៤ នៅក្នុងឆ្នាំ ៩២១ ដល់ ៩៤២ មានលក្ខណៈជាប្រាសាទភ្នំមាន ៧ ថ្នាក់កម្ពស់ ៣៥ម៉ែត្រ និង មានឈ្មោះដើមថា ឆោគគី តាមរយៈសិលាចារឹកប្រាសាទដំរី។
គួរបញ្ជាក់ដែរថា រមណីយដ្ឋានប្រាសាទកោះកេរ មានប្រាសាទជាច្រើននៅក្នុងនោះដូចជា ប្រាសាទធំ ប្រាសាទចិន ប្រាសាទដំរី ប្រាសាទលិង្គ ប្រាសាទច្រាប ប្រាសាទក្រចាប់ ។ល។ ហើយតំបន់រមណីយដ្ឋានប្រាសាទកោះកែរនេះដែរភាគច្រើនសាងសង់ពីថ្មភក់ និង ជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី ៤ បន្ទាប់ពីព្រះអង្គបានផ្លាស់ប្តូររាជធានីពីយសោធរបុរៈរបស់ព្រះបាទយសោវរ្ម័នទី ១ ៕
រូបភាព ៖ Viboth Chhim