
ចិត្តបុណ្យណាស់ កុម្មង់បង្កងយក្សមួយជាង ២០០ ដុល្លារពីភោជនីយដ្ឋានលំដាប់ ទៅព្រលែងចូលសមុទ្រវិញ
ស្ត្រីជាអ្នកទេសចរម្នាក់ បានធ្វើការកុម្មង់បង្កងយក្សដ៏ធំមួយក្បាល ពីភោជនីយដ្ឋានលំដាប់ រួចសម្រេចចិត្តយកបង្កងនោះ ទៅព្រលែងចូលទៅក្នុងសមុទ្រវិញ។
តាមព័ត៌មានបានឱ្យដឹងថា ស្ត្រីជាអ្នកទេសចរសញ្ជាតិស្វីសរូបនោះ បានបញ្ជាទិញបង្កងយក្ស (Catalan-style lobster) មួយក្បាល ដែលមានតម្លៃរហូតដល់ ២០០ អឺរ៉ូ (២១៣.៧៨ ដុល្លារ) នៅឯភោជនីយដ្ឋានលក់អាហារសមុទ្រមួយកន្លែងនាតំបន់ Golfo Aranci កោះ Sardinia ប្រទេសអ៊ីតាលី។
ដំបូងឡើយ រូបនាងបានឃើញបង្កងយក្សមួយក្បាលនោះនៅក្នុងអាងទឹក នៅមាត់ច្រកចូលភោជនីយដ្ឋាន ហើយដោយក្ដីអាណិត នាងក៏សម្រេចចិត្តកុម្មង់បង្កងនោះទាំងរស់ ដាក់ក្នុងធុងទឹកមួយយកមកឱ្យនាង។ ក្រោយបានបង្កង នាងក៏កាន់ធុងដើរចេញទៅមាត់ទឹក រួចចាប់ទាញបង្កងថ្នមៗពីធុង កាន់និយាយពាក្យប៉ុន្មានម៉ាត់ ហើយក៏ទម្លាក់វាចូលទៅក្នុងសមុទ្រវិញ៕