រំភើបក្រៃលែង! ព្រឹកនេះក្រសួង និង វត្តអារាមនានាទូងស្គរ អបអរសាទរប្រាសាទកោះកេរ ចុះបញ្ជីបេតិកភណ្ឌពិភពលោក
នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ នេះ នៅតាមក្រសួងស្ថាប័ន និង តាមវត្តអារាមនានា ព្រមទាំងសាលារាជធានីភ្នំពេញ បានបង្ហោះរូបភាព និង វីដេអូ ជាច្រើន បង្ហាញពីពិធីទូងស្គរជ័យ ដើម្បីអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ។
នេះបើយោងតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិរួមមាន គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង គ្រប់ឃុំ សង្កាត់ ព្រមទាំងជនរួមជាតិកម្ពុជា គ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និង គោះត្រដោកតាមគ្រប់មធ្យោបាយ នៅម៉ោង ៧ ព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ នេះ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗដូចជា ទីស្ដីការក្រសួង-ស្ថាប័ន និង អង្គភាពគ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ-គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និង សាលាបុណ្យព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារប្រកបដោយទឹកចិត្តមោទក និង សប្បាយរីករាយ ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត របស់រមណីយដ្ឋានប្រាសាទកោះកេរ។
គួរឱ្យដឹងដែរថា បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជា មានសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ ក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបី ចំនួន ៤ និង សម្បត្តិវប្បធម៌អរូបី ចំនួន ៦ រួមមាន ៖ តំបន់អង្គរ (ចុះបញ្ជីនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២), របាំព្រះរាជទ្រព្យ (ចុះបញ្ជីនៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣), ប្រាសាទព្រះវិហារ (ចុះបញ្ជីនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៧), ល្ខោនស្រមោលស្បែកធំ (ចុះបញ្ជីនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៥), ល្បែងទាញព្រ័ត្រ (ចុះបញ្ជីនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥), ចាប៉ីដងវែង (ចុះបញ្ជីនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦), តំបន់ប្រាសាទសំបូរព្រៃគុក (ចុះបញ្ជីនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧), ល្ខោនខោលវត្តស្វាយអណ្ដែត (ចុះបញ្ជីនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨), គុនល្បុក្កតោ (ចុះបញ្ជីនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២) និង តំបន់ប្រាសាទកោះកេរ (ចុះក្នុងបញ្ជីកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣)៕
Picture to the Owner