មានកូនស្រី ៣ នាក់ មិននឹកនាការប្តី បែរជាបបួលគ្នានៅព្រៅមួយជីវិត ហើយពេលចាស់ទៅរស់នៅមណ្ឌលតែមួយទៀត
ឪពុកជនជាតិចិនមួយរូបទម្លាយរឿងពិបាកចិត្តទាក់ទងនឹងកូនស្រី ៣ នាក់ ដែលសុទ្ធតែស្អាតៗ ប៉ុន្តែមិនចង់បានប្តីសោះ លេងបបួលបងប្អូននៅលីវមួយជីវិត ហើយមានគម្រោងទៅនៅមណ្ឌលចាស់ជរាជាមួយគ្នានៅថ្ងៃអនាគតទៀត។
ឪពុករូបនេះ បានរៀបរាប់ឱ្យដឹងថា ខ្លួនមានកូនស្រីទាំងអស់ចំនួន ៤ នាក់ ក្នុងនោះមានភ្លោះមួយគូ ហើយមានតែកូនស្រីម្នាក់ប៉ុណ្ណោះ ដែលព្រមរៀបការមានគ្រួសារដូចគេដូចឯង។ ចំណែក ៣ នាក់ទៀត មានម្នាក់អាយុ ២៩ ឆ្នាំ ពីរនាក់ទៀតអាយុ ២៧ ឆ្នាំ ពួកគេទាំង ៣ នាក់នេះ នៅមិនទាន់គ្រួសារនោះទេ ពោលគឺពួកគេមិនចង់រៀបការតែម្តង។
កូនស្រីទាំង ៣ នេះ មានអាជីពសុទ្ធតែជាគ្រូបង្រៀន ហើយមើលទៅការងារមិនសូវជារវល់ប៉ុន្មានទេ តែម្នាក់ៗមិននឹកនារឿងប្តីសីសោះឡើយ ពេលទំនេរសុខចិត្តនាំគ្នាដើរលេង ថតរូប លេងជាមួយសត្វយ៉ាងរំភើយ។ លើសពីនេះ លេងសុទ្ធតែបបួលបងប្អូននៅលីវមួយជីវិត ព្រោះមានប្រាក់ចូលនិវត្តន៍ ហើយថែមទាំងរៀបគម្រោងទៅមណ្ឌលចាស់ជរាជាមួយគ្នាទៀតផង។
យ៉ាងណាមិញ ឪពុកម្តាយកាន់តែបារម្ភជាមួយនឹងគំនិតកូនស្រីទាំង ៣ របស់ខ្លួន ដែលឯករាជ្យខ្លាំងដល់ថ្នាក់លែងនឹកឃើញរឿងគូជីវិត តែក៏ធ្វើអ្វីមិនបានដែលឪពុកបានត្រឹមតែទម្លាយនៅតាមបណ្តាញសង្គមឱ្យធូរចិត្តប៉ុណ្ណោះ៕