
តស់ណាត់គ្នា! ចុងខែកញ្ញានេះ សាលាមធ្យមវិចិត្រសិល្បៈធ្វើកម្មវិធីសិល្បៈរដូវវស្សា ឆ្នាំ ២០២៣ មានទស្សនីយភាពល្អមើលជាច្រើន
នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ហ្វេសប៊ុកផេកល្ខោនខោលកម្ពុជា បានបង្ហោះសារជាព័ត៌មានឱ្យដឹងថា នៅចុងខែកញ្ញា ឆ្នាំ ២០២៣ នេះ សាលាមធ្យមសិក្សាវិចិត្រសិល្បៈ នឹងមានប្រារព្ធធ្វើកម្មវិធីសិល្បៈរដូវវស្សាឆ្នាំ ២០២៣ ។
យោងតាមសារបង្ហោះបានឱ្យដឹងដែរថា ក្នុងកម្មវិធិនេះភ្ញៀវកិត្តិយសដែលធ្លាប់បានឃើញការសម្ដែង ព្រះថោងនាងនាគ នៅព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣ នឹងបានឃើញតួ ព្រះនាងនាគ សម្ដែងម្ដងទៀតក្នុងការសម្តែងល្ខោនយីកេ រឿង «មហាឧបាសិកាវិសាខា បញ្ចពិធកល្យាណី» ដែលជាអ្នកគ្រូ ច័ន្ទ ស្រីលក្ខណ៍។
យ៉ាងណាមិញ សម្រាប់បងប្អូនដែលមានបំណងចង់ទស្សនាការសម្តែង និង គាំទ្រសិល្បៈក្នុងស្រុក កុំភ្លេចចូលរួមក្នុងកម្មវិធីសិល្បៈរដូវវស្សា ២០២៣ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ នៅសាលាមធ្យមវិចិត្រសិល្បៈ បឹងបាយ៉ាប វេលាម៉ោង ៦ ល្ងាច។
ដោយឡែក ចំពោះសំបុត្រចូលរួមទស្សនាគឺមានលក់នៅការិយាល័យរដ្ឋបាលនៃសាលាមធ្យមវិចិត្រសិល្បៈ ដែលលោកអ្នកអាចទាក់ទងជាវបានតាមរយៈហ្វេសប៊ុកផេកសាលាមធ្យមវិចិត្រសិល្បៈ – Secondary School of Fine Arts និង ផេកយុវជនល្ខោនខោលកម្ពុជា Lakhaon Khaol Youth of Cambodia ក្នុងតម្លៃ ២០០០០ រៀល ដោយមានដាក់លក់រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ១១ ថ្ងៃត្រង់៕