នៅកូរ៉េមានច្បាប់មួយ អ្នកណាលួចគាស់ទំពាំងនៅតំបន់អភិរក្ស ១ ដុំ អាចជាប់គុក ២ ឆ្នាំ ឬ ពិន័យរាប់ម៉ឺនដុល្លារ
នៅក្នុងប្រទេសកូរ៉េខាងត្បូងមានច្បាប់មួយបានចែងថា ការជីក ឬ គាស់ទំពាំងនៅតំបន់សួនអភិរក្សមួយចំនួនក្នុងប្រទេស នឹងត្រូវជាប់ពន្ធនាគារហូតដល់ ២ ឆ្នាំ ឬ ពិន័យជាប្រាក់រហូតដល់ ២០ លានវ៉ុន ដែលស្មើនឹងប្រមាណជាង ១ ម៉ឺន ៥ ពាន់ដុល្លារ ស្របតាមមាត្រា ៩៥ នៃច្បាប់ក្នុងប្រទេសកូរ៉េ។
ជាក់ស្ដែង ថ្មីៗនេះនៅឯទន្លេ Taehwa ដែលជារមណីយដ្ឋានមួយក្នុងតំបន់ Ulsan មានមនុស្សពីរនាក់ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយមានអ្នកដើរកាត់តំបន់នោះ បានរាយការណ៍ទៅកាន់ប៉ូលិសថា ពួកគេបានឃើញមានអ្នកលួចគាស់ទំពាំងប្រវែងប្រមាណជា ៣០ សង់ទីម៉ែត្រ ដោយគ្មានការអនុញ្ញាតពីអ្នកប្រចាំការនៅទីនោះ។ ក្រោយការឃាត់ខ្លួនមនុស្សពីរនាក់នោះរួច សាលាក្រុងសេអ៊ូលបានបញ្ជូនកម្លាំងល្បាតតំបន់នោះ រហូតដល់ចុងខែមិថុនា ឆ្នាំ ២០២៣ នេះ ដើម្បីទប់ស្កាត់ការប្រមូលផលទំពាំងខុសច្បាប់ក្នុងសួនអភិរក្ស។
គួរឱ្យដឹងផងដែរថា មានប្រភេទឫស្សីជាច្រើនប្រភេទត្រូវបានដាំនៅតាមច្រាំងទន្លេ Taehwa ដែលស្ថិតក្នុងតំបន់ Wangdae, តំបន់ Ojuk និង តំបន់ Maengjongjuk ដោយតំបន់ទាំងអស់នេះសុទ្ធតែជាកន្លែងអភិរក្ស និង ជាសួនកម្សាន្ត ហើយជារៀងរាល់ឆ្នាំ ព្រៃឫស្សីទាំងនោះដែលលាតសន្ធឹងរវាងស្ពាន Taehwagyo និង ស្ពាន Samhogyo ត្រូវបានគេហៅថា Tenri Bamboo Forest មានប្រវែង ៤ គីឡូម៉ែត្រនេះ មានអ្នកទស្សនាច្រើនដល់ជាង ១ លាននាក់ឯណោះ៕