(វីដេអូ) ក្ដៅៗ! បុរសដែលចូលទៅលួចដកទំពាំង ចេញមុខរៀបរាប់ពីរឿងកើតឡើងទាំងស្រុង
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នៅយប់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះបាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលយ៉ាងជាខ្លាំង ក្រោយពីបានឃើញស្ត្រីម្នាក់បង្ហោះវីដេអូថតចាប់បានបុរសកម្សត់ម្នាក់លួចគាស់ទំពាំងយកទៅស្លដើម្បីក្រពះ បង្កើតបានជាការវែកញែកពេញបណ្ដាញសង្គម។
វីដេអូដែលកំពុងត្រូវបានគេចែករំលែកព្រោងព្រាតពេញបណ្ដាញសង្គមនោះ ត្រូវបានបង្ហោះដោយម្ចាស់ទំពាំងមួយដែលមានគណនីឈ្មោះ ចំការបំពេញរាជ្យ ល័ក្ខណា បានបង្ហោះនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣ បង្ហាញពីសកម្មភាពបុរសអ្នកលួចទំពាំង ឱ្យធ្វើសកម្មភាពត្រាប់ពេល ដែលខ្លួនលួចទំពាំងបង្កើតបានជាការជជែកវែកញែកពេញបណ្ដាញសង្គម។
ក្រោយឃើញករណីនេះ ក៏មានមហាជនមួយផ្ទុះការវែកញែកពីបុរសដែលលួចទំពាំងដើម្បីតែក្រពះនោះ ប៉ុន្តែនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ នេះគណនីហ្វេសប៊ុករបស់ព្រះសង្ឃមួយអង្គនាម ណាក់ សុផានណា ក៏បានបង្ហោះវីដេអូមួយ ដែលព្រះអង្គបានជួប និង សាកសួរនាំពីបុរសលួចទំពាំងនោះពាក់ព័ន្ធដើមហេតុមុនផ្ទុះល្បីពេញបណ្ដាញសង្គម ស្របពេលដែលព្រះអង្គបាននាំយកនូវអង្ករ និង ថវិកាមួយចំនួនប្រគល់ជូនដល់បុរសនោះ និង ក្រុមគ្រួសារ។
យ៉ាងណាមិញ យោងតាមវីដេអូដែលបានបង្ហោះនោះបានឱ្យដឹងថា មុនដំបូងលោកបានចូលទៅដកផ្សិត ប៉ុន្តែមិនមានផ្សិត ហើយឃើញទំពាំងនោះក៏បានកាច់ចំនួន ៤ យកមកឱ្យគ្រួសារស្លហូប។ ពេលកំពុងចិតទំពាំង ស្រាប់តែម្ចាស់ទំពាំងមកទាន់ក៏នាំទៅប៉ុស្តិ៍ប៉ូលិស មិនតែប៉ុណ្ណោះម្ចាស់ចម្ការ ក៏ដូចជាម្ចាស់ទំពាំងក៏បានឱ្យលោកធ្វើត្រាប់តាមពេលទៅលួចទំពាំង ដោយនាំលោកទៅចម្ការនោះវិញ។ មិនតែប៉ុណ្ណោះ យោងតាមបងប្អូនរបស់បុរសនោះបានឱ្យដឹងទៀតថា ក្នុងថ្ងៃកើតហេតុទាំងបុរសនោះ ទាំងក្រុមគ្រួសារក៏បានសុំទោសម្ចាស់ចម្ការដែរ ប៉ុន្តែម្ចាស់ចម្ការមិនព្រមទទួល ហើយបានប្រាប់ថា ៖ «បើមិនព្រមធ្វើត្រាប់ទេនឹងនាំទៅប៉ុស្តិ៍ប៉ូលិស»។
ជាក់ស្ដែង យោងតាមវីដេអូបង្ហោះបានឱ្យដឹង បុរសដែលបានចូលលួចទំពាំងនោះមានឈ្មោះ សៀត មានអាយុ ៣៤ ឆ្នាំ មិនទាន់មានគ្រួសារទេ ហើយសព្វថ្ងៃរស់នៅជុំគ្នាជាមួយនឹងគ្រួសារមានបងមានប្អូន ប៉ុន្តែដោយសារជីវភាពខ្វះខាត ទើបលួចជីកទំពាំងចំនួន ៤ នោះមកស្ល៕