មុនរៀបការបងសន្យាថាមិនវាយអូន ដល់ការបាន ៣ ខែ វ៉ៃគ្មានលស់ថ្ងៃ រហូតវេចកូនរត់ប្ដឹងប៉ូលិសឱ្យជួយ
រឿងរ៉ាវហួសចិត្តមួយបានកើតឡើងនៅឯប្រទេសថៃ ក្រោយមានករណីស្ត្រីម្នាក់បាននាំកូនរត់មកប៉ុស្ដិ៍ប៉ូលិសប្ដឹងសុំជំនួយ ព្រោះខ្លាចប្ដីវាយរហូតដល់ស្លាប់។
ហេតុការណ៍នេះបានកើតឡើងនៅក្បែរទីលានចាក់សំរាម Ban Na Phu តំបន់ Nong Na Kham ស្រុក Muang ខេត្ត Udon Thani ប្រទេសថៃ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ។
ដោយស្ត្រីអាយុ ៣៥ ឆ្នាំ មានឈ្មោះថា Praphaiphon បានរៀបរាប់ពីដំណើរដើមទងឱ្យដឹងថា ៖ «អ្នកស្រីជាស្រីមេម៉ាយ មានកូនប្រុសម្នាក់អាយុ ៤ ឆ្នាំ។ ក្រោយលែងប្ដីមុន អ្នកស្រីក៏នាំកូនមករស់នៅខេត្ត Udon Thani ដើម្បីស៊ីឈ្នួលគេ ដោយមួយថ្ងៃរកបាន ២០០ បាត។ លុះមកនៅទីនេះបានមួយរយៈ អ្នកស្រីក៏បានស្គាល់ប្ដីក្រោយដែលមានឈ្មោះថា Pongsak»។
«មុនសែនរៀបការយកគ្នាប្ដីប្រពន្ធ អ្នកស្រីបានប្រាប់ទៅលោក Pongsak ថាបើសិនជាខឹង ឬ មានជម្លោះសុំកុំវាយលោកស្រី និង កូន ព្រោះតែប្ដីមុនរបស់អ្នកស្រីគឺធ្វើបាបរាងកាយអ្នកស្រី និង កូនរហូតបាក់ស្បាតហើយ។ ហើយលោក Pongsak ក៏សន្យាថាមិនធ្វើឱ្យអ្នកស្រីឈឺចាប់នោះទេ»។
«ក្រោយរៀបការរស់នៅជាមួយគ្នាបាន ៣ ខែ អ្នកស្រីប្រាប់ថា ៣ ខែដំបូងពិតជាល្អណាសើ ប្ដីថ្នមមិនដែលឱ្យទាស់ចិត្ត ហើយមិនដែលវាយធ្វើបាបសូម្បីមួយដៃ។ ក្រោយមកស្រាប់តែប្ដីចេះតែសុំលុយផឹកស្រា ហើយពេលស្រវឹងកាលណា ចាប់ផ្ដើមកើតហិង្សាវាយដំរាងកាយជាញឹកញាប់។ ហើយមុនពេលមកប្ដឹងប៉ូលិស ប្ដីអ្នកស្រីបានចាប់ក្បាលអ្នកស្រីច្រមុជទឹកក្នុងបន្ទប់ទឹក ពេលកំពុងងូតទឹក ហេតុដូចនេះគ្រាន់តែរួចខ្លួនក៏នាំកូនរត់មកប្ដឹងប៉ូលិសដើម្បីសុំជំនួយ»។
«មិនត្រឹមតែប៉ុណ្ណឹងអ្នកស្រី បានបន្ថែមថា ពេលលោក PongSak បង្រៀនកូនខ្លួន តែកូនមិនយល់ក៏ខឹងវាយទាំងកូនខ្លួនទៀត ហើយពីមុន និង ឥលូវប្រៀបដូចជាមនុស្ស ២ នាក់ផ្សេងគ្នាដែលធ្វើឱ្យអ្នកស្រី និងកូនខ្លាចជាខ្លាំង»។
ក្រោយប៉ូលិសដឹងសាច់រឿងក៏បានចាប់ខ្លួនលោក Pongsak តែបុរសរូបនេះ បានយំ និង សុំអង្វរប្រពន្ធខ្លួន ដោយសុំឱកាសកែខ្លួន និង កុំប្ដឹងផ្ដល់គ្នា តែអ្នកស្រី Praphaiphon បានសម្រេចចិត្តថាមិនផ្សះផ្សាទេ ហើយលែងលះគ្នា ព្រោះតែខ្លាចត្រូវគាត់វាយធ្វើបាបដូចមុនទៀត។ ចំណែកទោសប្រើហិង្សា សុំឱ្យប៉ូលិសកាត់ទោសតាមច្បាប់៕