
ឆ្កែសំណព្វស្រឡាញ់ទុកដូចកូន តែត្រូវងាប់ម្តង ៤ ក្បាល ដោយសារថប់ខ្យល់ ព្រោះដាច់ភ្លើង ដាច់ម៉ាស៊ីនត្រជាក់
ថ្មីៗនេះ មហាជននៅតាមបណ្តាញសង្គមថៃ កំពុងតែរំជួលចិត្តអាណិតដល់ឆ្កែ ៤ ក្បាល ដែលដេកស្លាប់តម្រៀបគ្នា ក្រោយពីដាច់ភ្លើង ដាច់ម៉ាស៊ីនត្រជាក់ ខ្វះខ្យល់ដកដង្ហើម។
ម្ចាស់ឆ្កែបានរៀបរាប់នៅតាមបណ្តាញសង្គម ឈ្នួលនៅផ្ទះរបស់ខ្លួនតែងតែយកឆ្កែទាំង ៥ ក្បាល ទៅដេកនៅម៉ោង ៩ កន្លះរាល់យប់ ព្រមទាំងងើបយកវាដើរលេងម៉ោង ៥ ព្រឹករាល់ថ្ងៃ តែនាពេលយប់ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ ភ្លើងនៅផ្ទះក៏ដាច់ នៅពេលដែលឆ្កែចូលដេកអស់ ទើបធ្វើឱ្យម៉ាស៊ីនត្រជាក់នៅកន្លែងវាដេកក៏ដាច់ដូចគ្នា ហើយប្រហែលជាថប់ខ្យល់ដកដង្ហើម ឬក្តៅផង ពួកវាក៏ដាច់ខ្យល់ស្លាប់អស់ ៤ ក្បាល នៅសល់តែមួយក្បាលប៉ុណ្ណោះដែលមានជីវិត។
ម្ចាស់បានបន្តទៀតថា ខ្លួនពិតជាសោកស្តាយណាស់ សោកស្តាយជាទីបំផុត ហើយក៏អរគុណទៅដល់មហាជនផងដែរ ដែលបានចូលរួមរំលែកទុក្ខ ក៏ដូចជាឱ្យកម្លាំងចិត្ត ពេលនេះឆ្កែសំណព្វចិត្តរបស់ខ្លួនទៅបានសុខហើយ ទៅដោយគ្មានការឈឺចាប់ តែខ្លួនពិតជាមិនចង់ឃើញរូបភាពបែបនេះនោះទេ។ យ៉ាងណាមិញ ចុងក្រោយម្ចាស់ក៏បានទៅធ្វើបុណ្យឱ្យឆ្កែទាំង ៤ តាមពិធីសាសនាផងដែរ ដែលឃើញហើយពិតជាគួរឱ្យរំជួលចិត្តណាស់៕