
កាលជាសង្សារសន្សំលុយទិញខុនដូរួមគ្នា ដល់ពេលបែកគ្នាលក់ខុនដូចំណេញ ៤ ដង តែចែកគ្នាមិនស្មើ ប្តឹងឡើងតុលាការផ្អើល
យោងតាមសារព័ត៌មាន Sina ប្រទេសចិន បានចុះផ្សាយពីហេតុការណ៍គួរឱ្យចាប់អារម្មណ៍ ក្រោយមានករណីគូសង្សារឈ្លោះទាស់ទែងចែកផ្លូវគ្នា ព្រោះតែចែកលុយថ្លៃលក់ផ្ទះមិនស្មើ។
ហេតុការណ៍មួយនេះបានកើតឡើងនៅឯទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន ដោយខាងប្រុសឈ្មោះថា Hong ចំណែកខាងស្រីឈ្មោះថា Xoai។ អ្នកទាំងពីរបានស្គាល់គ្នាតាមរយៈមិត្តភក្តិ ហើយក៏លង់ស្រឡាញ់គ្នា។ លុះស្រឡាញ់គ្នាបាន ១ ឆ្នាំ ពួកគេក៏បានសម្រេចចិត្តទិញខុនដូមួយ ដោយចេញលុយម្នាក់ពាក់កណ្ដាល ដើម្បីរស់នៅជាមួយគ្នា។
ខុនដូដែលពួកគេទិញមានតម្លៃ ១ លាន ៤ សែនយ័ន (ប្រមាណ ១៩ ម៉ឺនដុល្លារ) ដែលវាជាខុនដូប្រភេទ ៣ បន្ទប់គេង ហើយមាន ២ ជាន់ ដោយ Hong ចេញ ៧០ ម៉ឺន ចំណែក Xoai ចេញ ៧០ ម៉ឺន។ នៅពេលទិញខុនដូនោះនារីឈ្មោះ Xoai ដែលជាគូស្នេហ៍បានទាមទារឱ្យដាក់ឈ្មោះខ្លួន ហើយបុរសឈ្មោះ Hong ក៏យល់ព្រម ព្រោះតែគិតថាបន្ដិចទៀតពួកគេនឹងរៀបការជាមួយគ្នា វាមិនមានបញ្ហាអ្វីទេ។
រស់នៅជាមួយគ្នាបាន ៥ ឆ្នាំ ស្រាប់តែចំណងស្នេហារបស់អ្នកទាំងពីរចាប់ផ្ដើមរង្គោះរង្គើ ហើយឈានដល់ការចែកផ្លូវគ្នា ចំណែកគម្រោងរៀបការ និង សាងគ្រួសាររួមគ្នាក៏រលាយសូន្យបង់។ លុះពេលបែកគ្នាអ្នកទាំងពីរបានសម្រេចចិត្តដាក់លក់ខុនដូនោះ ហើយចែកលុយគ្នា ស្រាប់តែខុនដូដែលពួកគេទិញកាលពី ៥ ឆ្នាំមុនបែរជាត្រូវប៉ាន់ ហើយលក់បានក្នុងតម្លៃ ៥ លានយ័ន (ប្រមាណ ៧០ ម៉ឺនដុល្លារ)។ លុះពេលបានប្រាក់ នារីជាគូស្នេហ៍ Xoai បានចែកប្រាក់ឱ្យ Hong ត្រឹមតែ ៧០ ម៉ឺនយ័ន ដែលវាប្រាក់ដើមក្នុងពេលទិញខុនដូដំបូង ដែលធ្វើឱ្យ Hong ខឹងជាខ្លាំង ហើយក៏បានតវ៉ារហូតដល់ដាក់ពាក្យបណ្ដឹង។
Xoai បានអះអាងថា ៖ «ដែលនាងឱ្យចំណែក Hong ត្រឹម ៧០ ម៉ឺន ព្រោះតែខុនដូនេះជាឈ្មោះរបស់នាង ហើយនាងមានសិទ្ធិ ព្រោះតែវាមិនទាន់ជាសម្បត្តិរួមទេ ដោយនាង និង Hong មិនទាន់រៀបការនៅឡើយ»។
ក្រោយក្តីក្តាំឡើងដល់តុលាការ និង បានសម្របសម្រួល ជាលទ្ធផលតុលាការបានសម្រេចកាត់ក្តីឱ្យ Hong បានចំណែកលក់ផ្ទះ ៤០ ភាគរយ ចំណែកឯ Xoai ដែលមានឈ្មោះជាកម្មសិទ្ធិរបស់ខុនដូនោះគឺទទួលបាន ៦០ ភាគរយ ដើម្បីបញ្ចប់បញ្ហា ហើយរស់នៅរាងខ្លួន៕