
នាំគ្នាប្រយ័ត្នផង! បុរសម្នាក់ ត្រូវជនបោកប្រាស់ប្រើ AI បន្លំធ្វើជាពួកម៉ាកបោកលុយអស់រាប់ម៉ឺនដុល្លារ
សារព័ត៌មានបរទេសមួយបានចុះផ្សាយថា ជនបោកប្រាស់នៅក្នុងប្រទេសចិន បានប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបន្លំធ្វើជាមិត្តទុកចិត្តរបស់អ្នកជំនួញម្នាក់ និង បានបញ្ចុះបញ្ចូលគេឱ្យប្រគល់ប្រាក់រាប់ម៉ឺនដុល្លារ។
ជនរងគ្រោះ មាននាមត្រកូល Guo បានទទួលការហៅទូរស័ព្ទចូលជាវីដេអូ កាលពីខែមេសាកន្លងទៅ ពីមនុស្សម្នាក់ ដែលមើលហើយស្តាប់ទៅដូចជាមិត្តជិតស្និទ្ធរបស់ខ្លួន ប៉ុន្តែការពិតទៅអ្នកហៅទូរសព្ទនោះគឺជាជនឆបោក ដែលប្រើបច្ចេកវិទ្យា AI ឆ្លាតវៃ ដើម្បីផ្លាស់ប្តូរមុខ និង សំឡេង។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលមានករណីឆបោកនេះ លោក Guo ដែលអ្នករស់នៅក្នុងក្រុង Fuzhou ត្រូវបានគេបញ្ចុះបញ្ចូលឱ្យផ្ទេរប្រាក់ចំនួន ៤.៣ លានយ័ន (ប្រមាណជា ៦០៧ ៤៣៩ ដុល្លារ) បន្ទាប់ពីជនឆបោកនោះបានអះអាងថា ខ្លួនជាមិត្តភ័ក្តិម្នាក់ទៀត ដែលត្រូវការប្រាក់ ត្រូវដកពីគណនីធនាគាររបស់ក្រុមហ៊ុន ដើម្បីបង់លើការដេញថ្លៃជាសាធារណៈ។
ជាមួយគ្នានោះដែរ ជនឆបោកនោះក៏បានសួររកលេខគណនីធនាគារផ្ទាល់ខ្លួនរបស់លោក Guo ហើយបន្ទាប់មកបានអះអាងថា ចំនួនទឹកប្រាក់សមមូលត្រូវបានភ្ជាប់ទៅគណនីនោះ ដោយផ្ញើឱ្យគាត់នូវរូបថតអេក្រង់នៃកំណត់ត្រាទូទាត់ក្លែងក្លាយ ហើយដោយមិនបានពិនិត្យមើលថា បានទទួលប្រាក់ពិតប្រាកដមែន លោក Guo ក៏បានផ្ញើការទូទាត់ចំនួន ២ ពីគណនីក្រុមហ៊ុនរបស់លោកតាមចំនួនសរុប ដែលគេបានស្នើ។
ទន្ទឹមនឹងមានការឆបោកបែបនេះហើយ ក្នុងកិច្ចសម្ភាសន៍មួយលោក Guo បាននិយាយថា ៖ «នៅពេលនោះ ខ្ញុំបានផ្ទៀងផ្ទាត់មុខ និង សំឡេងរបស់មនុស្ស ដែលហៅទូរស័ព្ទជាវីដេអូមកខ្ញុំនោះ ប៉ុន្តែក្នុងពេលនិយាយគ្នាខ្ញុំបានកត់សម្គាល់ចំណុចខ្លះៗ ដូចជាការប្រើប្រាស់ពាក្យសម្ដី គេមិននិយាយដូចធ្លាប់និយាយពីមុនទេ ទើបខ្ញុំមានមន្ទិលហើយហៅទូរស័ព្ទត្រឡប់ទៅវិញ ទើបដឹងការពិតថាមិត្តខ្ញុំមិនបានទទួលលុយអ្វីទេ»។ ហើយក្រោយពីបានដឹងថាត្រូវគេបោកប្រាស់ លោក Guo ក៏បានជូនដំណឹងដល់ប៉ូលីស និង បានជូនដំណឹងដល់ធនាគារមួយនៅក្នុងទីក្រុងមួយផ្សេងទៀតកុំឱ្យបន្តការផ្ទេរប្រាក់។
យ៉ាងណាមិញ រហូតមកដល់ពេលនេះអាជ្ញាធរចិន នៅតែកំពុងស៊ើបលើករណីថ្មីមួយនេះយ៉ាងយកចិត្តទុកដាក់ ដោយមានការសង្ស័យថា អ្នកឆបោកជាអ្នកជិតខ្លួនលោក ព្រោះគេដឹងថាពួកគេអាចខ្ចីលុយលោក Guo បានក្នុងចំនួនប៉ុន្មាន និង ដឹងច្បាស់ទៀតថានរណាជាមិត្តជិតស្និទ្ធរបស់លោក។
គួរដឹងដែរថា ប្រទេសចិន បានប្រកាសពីផែនការដ៏ធំមួយ ដើម្បីក្លាយជាអ្នកដឹកនាំ AI សកលលោកក្នុងឆ្នាំ ២០៣០ ហើយក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនរួមមាន Alibaba, JD.com, NetEase និង TikTok ដែលជាមេ ByteDance បានប្រញាប់ប្រញាល់អភិវឌ្ឍផលិតផលស្រដៀងៗគ្នា ដើម្បីគម្រោងដ៏ធំនោះ។ ហើយច្បាប់គ្រប់គ្រងការក្លែងបន្លំ ដែលចូលជាធរមានកាលពីខែមករា កន្លងទៅបានហាមប្រាមការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផលិត បោះពុម្ព ឬបញ្ជូនព័ត៌មានមិនពិត ដោយហើយសេចក្តីព្រាងច្បាប់ ដែលបានស្នើឡើងក្នុងខែមេសា ដោយនិយតករអ៊ីនធឺណិតរបស់ទីក្រុងប៉េកាំង នឹងតម្រូវឱ្យផលិតផល AI ថ្មីទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃសុវត្ថិភាពជាមុនសិន ទើបចេញផ្សាយជាសាធារណៈ៕
ប្រភព ៖ The Strait Time