ការសិក្សាថ្មីរកឃើញថា ប្រុសៗសម័យនេះ ភាគច្រើនលែងចង់រៀបការព្រោះហេតុផល ៣ យ៉ាង
យោងតាមការសិក្សាស្រាវជ្រាវរបស់វេជ្ជបណ្ឌិត Scott Stanley អ្នកដឺកនាំក្រុមស្ទង់មតិនៃអង្គការ the Center for Family and Marriage Research in Illinois សហរដ្ឋអាមេរិក បានបង្ហាញថា មនុស្សនាសម័យបច្ចុប្បន្ននេះ លែងសូវគិតគូររឿងរៀបការមានគ្រួសារហើយ ដោយភាគច្រើនព្រោះតែពួកគេខ្លាចរឿង ៣ យ៉ាង។
ដោយមតិភាគច្រើននៃបុរសចាប់ពីវ័យ ២៥ ឆ្នាំ ដល់ ៣៥ ឆ្នាំជាច្រើននាក់ បានបង្ហាញថាពួកគេភាគច្រើនចង់នៅលីវជាជាងមានគ្រួសារ ព្រោះតែមិនចង់ជួបបញ្ហា ៣ យ៉ាងនេះគឺ៖
១. ខ្លាចក្នុងការផ្លាស់ប្ដូរ
បុរសមួយក្រុមបានលើកឡើងថា ពួកគេខ្លាចបំផុតបន្ទាប់ពីរៀបការ ដៃគូជីវិតនឹងព្យាយាមផ្លាស់ប្ដូរពួកគេ ជាពិសេសគឺស្ត្រីនឹងទាមទារឱ្យពួកគេធ្វើអ្វីតាមដែលនាងចង់បាន ហើយបាត់បង់ភាពជាខ្លួនឯង ដែលបញ្ហាទាំងនេះអាចនឹងធ្វើឱ្យមានសម្ពាធផ្លូវចិត្តជាខ្លាំង។
២. ខ្លាចបាត់បង់សេរីភាព
បុរសភាគច្រើនជឿថា បន្ទាប់ពីរៀបការរួចពួកគេ និងលេងមានសេរីភាពដូចមុនទៀតហើយ ដោយរឿងទាំងនេះបានឆ្លុះបញ្ចាំងតាមរយៈខ្សែភាពយន្ដជាច្រើន។ ជីវិតក្រោយរៀបការគឺមានបន្ទុក និង ទំនួលខុសត្រូវច្រើនខុសប្លែកពីជីវិតនៅលីវ ពួកគេនឹងត្រូវសុំការអនុញ្ញាតពីប្រពន្ធជាមុននៅពេលចង់ចេញក្រៅ ចាយលុយ ឬសូម្បីតែជួបមិត្តភក្ដិ។
៣. ខ្លាចថាម្នាក់ៗលែងមានគោលដៅជីវិតដូចគ្នា លែងគិតពីប្រយោជន៍រួម
មុនរៀបការគូស្នេហ៍ភាគច្រើនគឺតែងមានចំណុចម្យ៉ាង ឬ ចំណង់ចំណូលចិត្តច្រើនយ៉ាងដូចគ្នា ដែលជាហេតុធ្វើឱ្យស្នេហាពួកគេស្រស់បំព្រង និង រស់នៅចុះសម្រុងគ្នា។
តែចំណុចទាំងនេះបានធ្វើឱ្យបុរសមួយចំនួនខ្លាច ព្រោះតែពួកគេគិតថានៅពេលដែលពេលវេលាវិវឌ្ឍន៍ទៅមុខ នៅពេលដែលរស់នៅជាមួយគ្នាកាន់តែយូរ ការគិតអាចនឹងប្ដូរផ្លាស់ ដោយគំនិតដែលធ្លាប់តែស្របអាចនឹងលែងដូចគ្នា ម្នាក់ទៅឆ្វេងម្នាក់ទៅស្ដាំ។ ហើយទម្លាប់រស់នៅប្រចាំថ្ងៃអាចធ្វើឱ្យជីវិតគូស្នេហ៍ភាគច្រើនឃ្លាតឆ្ងាយ ជាពិសេសនៅពេលដែលការខ្វែងគំនិតគ្នាកើតឡើងកាន់តែច្រើនក្នុងគ្រួសារ៕