ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តរឿងឡើងឋានសួគ៌ អាយុវែងជាងអ្នកមិនចូលចិត្ត
ថ្មីៗនេះ ជប៉ុនបានធ្វើការសិក្សាអង្កេតទៅលើមនុស្សប្រុសស្រីជាច្រើននាក់ និង បានទម្លាយការសិក្សាថ្មីរបស់ខ្លួនថា អ្នកដែលចូលចិត្តរឿងឡើងឋានសួគ៌មានអាយុវែងជាង បើប្រៀបធៀបជាមួយអ្នកមិនចូលចិត្ត។
ការសិក្សានេះ បានធ្វើឡើងអស់រយៈពេល ៩ ឆ្នាំ ដោយអ្នកវិទ្យាសាស្រ្ត មកពីសកលវិទ្យាល័យ Yamagata នាប្រទេសជប៉ុន។ មនុស្សប្រុសចំនួន ៨៥០០ នាក់ និង មនុស្សស្រី ១២ ៤០០ នាក់ ដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ បានចូលរួមក្នុងសិក្សាមួយនេះ។ ក្នុងនោះមនុស្សប្រុសចំនួន ៨.៣ ភាគរយនៃ ៨៥០០ នាក់នោះ គ្មានចំណាប់អារម្មណ៍ជាមួយនឹងភេទផ្ទុយឡើយ ដូចគ្នាជាមួយនឹងមនុស្សស្រីចំនួន ១៦.១ ភាគរយនៃ ១២ ៤០០ នាក់ ក៏គ្មានចំណាប់អារម្មណ៍ទៅលើភេទផ្ទុយដែរ។ ជាលទ្ធផលបានឱ្យដឹងថា មនុស្សប្រុសចំនួន ៣៥៦ នាក់ និង មនុស្សស្រី ១៤៧ នាក់ នៅក្នុងចំណោមអ្នកគ្មានចំណាប់អារម្មណ៍ចំពោះភេទផ្ទុយ បានបាត់បង់ជីវិត។
ការសិក្សាថ្មីនេះ បានបន្តឱ្យដឹងថា ការគ្មានចំណាប់អារម្មណ៍ចំពោះភេទផ្ទុយ ឬ គ្មានអារម្មណ៍ផ្លូវភេទ អាចធ្វើឱ្យកើតការស្រ្តេស ការជក់បារី ផឹកស្រាច្រើន ជាពិសេសចំពោះមនុស្សប្រុស ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព និង ជីវិតប្រចាំថ្ងៃ ហើយមូលហេតុទាំងអស់នេះហើយ គឺអាចប៉ះពាល់ដល់អាយុជីវិត។
យ៉ាងណាមិញ ការសិក្សានេះ ក៏បានដាស់តឿនជាពិសេសចំពោះមនុស្សប្រុសទៀតថា គួរតែមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនឱ្យបានច្រើន ជាពិសេសជាមួយនឹងភេទផ្ទុយគ្នា ទើបអាចជួយឱ្យមានអាយុវែងបាន៕