នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣ នេះ ឯកឧត្ដម ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បានបង្ហោះរូបភាពជាច្រើនសន្លឹកអំពីតំបន់លេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។
ជាក់ស្ដែង នៅតំបន់ «តស់! តស់! លេងទឹក!» ជាតំបន់សម្រាប់លេងទឹកកម្សាន្ត ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរសម្រាកពីការដើរលេងហត់ អាចចុះលេងទឹកត្រពាំង ដែលត្រជាក់ និង អាចងូតទឹកពាងមានត្រៀមទុកសម្រាប់ភ្ញៀវចង់លេងទឹក ព្រមទាំងអាចអង្គុយសម្រាកលម្ហែ ថតរូបលេងកម្សាន្តបានតាមចិត្ត។
ជាមួយគ្នានេះដែរ ឯកឧត្ដម ឃឹម ហ្វីណង់ ក៏បានបញ្ជាក់ទៀតថា ភ្ញៀវទេសចរ ដែលទៅលេងកម្សាន្ត គួរតែត្រៀមថង់ការពារទូរស័ព្ទកុំឱ្យសើម និង សម្លៀកបំពាក់សម្រាប់ផ្លាស់ប្ដូរពេលលេងទឹកហើយ។
គួរបញ្ជាក់ដែរថា តំបន់ «តស់! តស់! លេងទឹក!» ដែលស្ថិតនៅត្រពាំងសេះ ពេលនេះកំពុងតែត្រូវបានឯកឧត្ដម ឃឹម ហ្វីណង់ និង ក្រុមការងារ ប្រញាប់ប្រញាល់តុបតែងរៀបចំឱ្យហើយ ដើម្បីទទួល និង ផ្ដល់ការសប្បាយជូនដល់ភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិក្នុងថ្ងៃអង្គរសង្រ្កាន្តខាងមុខ៕
ប្រភព និង រូបភាពដោយ៖ ឯកឧត្ដម ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប