ប្រយ័ត្នផង! យកទឹកក្រអូបបន្ទន់ខោអាវ លាយជាមួយទឹកលាងបង្គន់ ទៅលាងបន្ទប់ទឹក ស្រាប់តែពុលប៊ិះនឹងអស់បុណ្យ
នឹកឃើញអីទៅយកទឹកបន្ទន់ខោអាវ ទៅដុះលាងបន្ទប់ទឹក លាយជាមួយទឹកលាងបង្គន់ ស្រាប់តែកើតការពុល ពិបាកទ្រាំ សឹងនឹងអស់ជីវិត។
ស្រ្តីជនជាតិថៃម្នាក់ បានចេញមកទម្លាយបទពិសោធន៍របស់ខ្លួន ទាក់ទងនឹងការលាយសាប៊ូលាងបន្ទប់ទឹកថា ខ្លួនបានទៅបើកអ៊ីនធើណេតមើល ឃើញគេប្រាប់ថា ទឹកបន្ទន់ខោអាវ អាចជួយជម្រះស្នាមប្រឡះបានល្អ។ ឃើញបែបនេះហើយ នាងក៏បានយកទឹកបន្ទន់ខោអាវយកចាក់ពេញបន្ទប់ទឹក រួចចាក់ទឹកលាងបង្គន់ទៅពីលើមួយតង់ទៀត ស្រាប់តែភ្លាមៗវាចេញក្លិនឆួលមកយ៉ាងខ្លាំង ធ្វើឱ្យនាងឈឺភ្នែក ឈឺច្រមុះ ឈឺក តែក៏នៅទ្រាំលាងប្រមាណកន្លះម៉ោង។
ក្រោយពីលាងហើយ ក៏មានអាការណែនទ្រូង ដកដង្ហើមមិនរួច ទើបប្រញាប់ទៅរកពេទ្យ ហើយគ្រូពេទ្យក៏បានប្រាប់ថា បើសិនជានៅស្រូបក្លិនយូរជាងនេះ អាចនឹងធ្វើឱ្យគ្រោះថ្នាក់ដល់សួត ឬ ដល់ជីវិតតែម្តងក៏ថាបានដែរ។
យ៉ាងណាមិញ នាងក៏បានផុតគ្រោះថ្នាក់ហើយពេលនេះ តែនាងក៏ឆ្លៀតដាស់តឿនទៅកាន់មហាជនផងដែរថា មុននឹងធ្វើអ្វីមួយ ជាពិសេសទាក់ទងនឹងរបស់គីមីបែបនេះ សូមអានស្រាវជ្រាវពិនិត្យឱ្យច្បាស់សិន ជៀសវាងការប្រឈមគ្រោះថ្នាក់ដូចជានាង។ ហើយបើសិនជាមានអាការដូចនាង ក៏សូមឱ្យប្រញាប់ទៅមន្ទីរពេទ្យភ្លាមៗ សូមកុំទុកយូរឡើយ ព្រោះអាចបណ្តាលឱ្យបាត់បង់ជីវិតបាន៕