ធ្លាប់ដឹងទេ? នេះជាប្រវត្តិពិធីបុណ្យសែនផ្នូរ ឬ ឆេងម៉េង ដែលមានអាយុកាលជាង ២៥០០ ឆ្នាំ
ជារៀងរាល់ឆ្នាំនៅអំឡុងពេលចុងខែមីនា និង ដើមខែមេសា ប្រជាជនចិន ឬ បងប្អូនដែលកាត់សែស្រឡាយចិនតែងប្រារព្ធធ្វើពិធីបុណ្យសែនឆេងម៉េង ឬគេហៅម្យ៉ាងទៀតថា សែនផ្នូរ។ គេបានរកឃើញថាពិធីបុណ្យសែនឆេងម៉េងនេះ មានអាយុកាលចាស់ជាង ២៥០០ ឆ្នាំទៅទៀត ដោយចាប់តាំងពីជំនាន់រាជវង្សចូវ (Jie) មុនគ្រឹស្ដសករាជមកម្ល៉េះ។
ដើមកំណើតនៃពិធីបុណ្យសែនឆេងម៉េង គឺផ្អែកទៅលើពិធីបុណ្យ Hanshi ដែលត្រូវបានគេស្គាល់ថាជាការរួមបញ្ចូលរវាងពិធីបុណ្យញ៉ាំអាហារត្រជាក់ និងពិធីមិនមានផ្សេង (ដោយហាមឃាត់ការបង្កាត់ភ្លើង) ដែលធ្វើឡើងនៅចន្លោះចុងសិសិរដូវ ឆ្លងចូលនិទាឃៈរដូវ។ តែបច្ចុប្បន្ននេះពិធីបុណ្យ Hanshi នេះគឺសឹងតែត្រូវគេលុបបំបាត់ចោលទាំងស្រុង ដោយប្ដូរជំនួសមកពិធីបុណ្យសែនឆេងម៉េងវិញ។
មានរឿងដំណាលថា៖ «អំឡុងពេលពិធីបុណ្យ Hanshi ក្នុងរាជវង្សចូវ (Jie) មានព្រះអង្គម្ចាស់មួយអង្គឈ្មោះថា ចុងអឺ (Chong’er) ដែលជាអ្នកគ្រប់គ្រងការពាររដ្ឋ Jin តែក៏ត្រូវបានគេនិរទេស និងតាមចាប់ខ្លួនក្រោយមានការបះបោលនៅឆ្នាំ ៦៥៥ មុនគ្រឹស្តសករាជ។ ព្រះអង្គម្ចាស់ចុងអឺ មានជនជំនិតម្នាក់ក្បែរកាយឈ្មោះថា ជី ស៊ីធុយ (Jie Zhitui) ដែលជាមនុស្សស្មោះត្រង់ ហើយមានការលះបង់ និងតាមបម្រើស្តេចចុងអឺដោយការស្មោះស្ម័គ្រ»។
«អំឡុងពេលរត់គេចខ្លួន ស្តេចចុងអឺ បានប្រឈមនឹងគ្រោះអត់ឃ្លាន និងត្រជាក់។ ខណៈពេលដែលព្រះអង្គម្ចាស់ចុងអឺ រងគ្រោះអត់ឃ្លានស្ទើរតែបាត់បង់ព្រះជន្ម ជី ស៊ីធុយបានលះបង់ដោយកាត់សាច់ផ្លូវខ្លួនដើម្បីធ្វើជាស៊ុបឱ្យព្រះអង្គម្ចាស់ទទួលទាន»។
«រយៈពេល ១៩ ឆ្នាំក្រោយមកនៅឆ្នាំ ៦៣៦ មុនគ្រឹស្តសករាជ ព្រះអង្គម្ចាស់ Chong’er បានដណ្ដើមរាជ ហើយកាន់កាប់អំណាច ក្លាយជាស្ដេចត្រាញ់ វិន (Wen) ដែលគ្រប់គ្រងរដ្ឋ Jin។ ក្រោយឡើងកាន់កាប់អំណាចស្តេចត្រាញ់ វិន បានផ្ដល់រង្វាន់នឹងអំណោយដល់អ្នកតាមជួយជ្រុមជ្រែង និងអ្នកក្រោមឱវាទខ្លួនយ៉ាងជាទីគាប់ចិត្ត តែទ្រង់បានភ្លេចមនុស្សជំនិត ជី ស៊ីធុយ»។
«ខណៈពេលដែលស្តេចត្រាញ់កំពុងសោយសុខ ជី ស៊ីធុយ បានទៅរស់នៅយ៉ាងលំបាកលើភ្នំ Mian ជាមួយម្ដាយរបស់ខ្លួន។ លុះពេលនឹកដល់មនុស្សជំនិត ជី ស្តេចត្រាញ់ វិន ហាក់រអៀសខ្លួន និងខ្មាសជាខ្លាំង មុននឹងប្រកាសឱ្យគេតាមរក»។
«ដោយការស្វែងរកមនុស្សលើភ្នំមានការពិបាក បូករួមមានមនុស្សមានចិត្តច្រណែននឹងជី មិនចង់ឱ្យគេទទួលបានរង្វាន់ពីស្ដេចត្រាញ់ ក៏នាំគ្នាបំផុសគំនិតស្នើសុំស្តេចត្រាញ់ឱ្យដុតភ្នំ Mian ដើម្បីឱ្យ ជី ស៊ីធុយ រត់គេចចេញមកហើយងាយស្រួលជួប។ តែជាអកុសល បន្ទាប់ពីដុតភ្នំគេបានរកឃើញសាកសពចំនួន ២ ដែលត្រូវដុតខ្លោចនោះគឺជាសពរបស់ ជី និងម្ដាយជរាខ្លួន»។
«រឿងនេះបានធ្វើឱ្យស្ដេចត្រាញ់ វិន មានវិប្បដិសារី និងសោកស្ដាយជាក្រៃលែង ហើយបានកំណត់ថ្ងៃនោះថាជាថ្ងៃ «បុណ្យញ៉ាំអាហារត្រជាក់» ហើយក៏ជាថ្ងៃដែលកាន់ទុករំលឹកដល់ ជី ស៊ីធុយ ដោយហាមបង្កាត់ភ្លើង។ មួយឆ្នាំក្រោយមក ស្តេចត្រាញ់ វិន បានត្រឡប់ធ្វើបុណ្យ និងរំលឹកនៅផ្នូរ ជី លើភ្នំ Mian ក្រោមដើម Willow ហើយបានរកឃើញថាដើម Willow នោះមានផ្ការីកស្គុះស្គាយ ដោយទ្រង់បានដាក់ឈ្មោះដើមឈើនោះថា Pure Bright White»។
នេះហើយជាហេតុគេបានកំណត់យកចុងរដូវរងា និងដើមរដូវផ្ការីក គឺជាពេលធ្វើពិធីបុណ្យសែនឆេងម៉េង ឬសែនផ្នូរ រហូតដល់ពេលបច្ចុប្បន្ន។ ហើយភ្នំដែល ជី ស៊ីធុយ ស្លាប់ត្រូវបានគេប្ដូរឈ្មោះមកជា ភ្នំជីសាន (Jishan) នាពេលក្រោយមក៕