(វីដេអូ) ផ្អើលទៀតហើយ! ប៉ូលិសនៅខាងកើតសាលាស្រុកស្អាង ឃាត់ឡានមួយដល់ពេលគេសួរថាខុសអី ឆ្លើយម្តងអ៊ីចេះម្តងអ៊ីចុះ កើតការតវ៉ាគ្នាផ្អើល
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញគណនីពលរដ្ឋមួយរូប បានបង្ហោះករណីប៉ូលិសចរាចរណ៍បានឃាត់រថយន្តខ្លួន បង្កជាការតវ៉ាភ្ញាក់ផ្អើលពេញបណ្ដាញសង្គម។
ករណីខាងលើនេះ បើតាមម្ចាស់គណនីឈ្មោះ នង សុខហៀង បានបង្ហាញថា បានកើតឡើងនៅទីតាំងនៅខាងកើតសាលាស្រុកស្អាង ស្រុកកោះធំ ចម្ងាយ ២០០ ម៉ែត្រ ដោយមានប៉ូលិសមួយក្រុមបានហៅឡានលោកចូល ដោយប៉ូសិលចាប់បានថាលោកបានល្មើសច្បាប់ចរាចរណ៍។
យ៉ាងណាមិញ ខណៈប៉ូលិសបានហៅឡានលោកនោះ ម្ចាស់រថយន្តបានសួរប៉ូលិស ៥ ដង ទម្រាំឆ្លើយប្រាប់ថាខុសអី។ ស្របពេលដែលប៉ូលិសបានប្រាប់ពីបទល្មើសនោះ ម្ចាស់រថយន្តក៏បានតវ៉ា និង បានអះអាងថាខ្លួនមិនបានធ្វើល្មើសដូចការចោទប្រកាន់នោះឡើយ។
នេះជារឿងរ៉ាវជាក់ស្តែង រួមទាំងវីដេអូខាងភាគីគណនីឈ្មោះ នង សុខហៀង ម្ចាស់រថយន្ត ដែលបានបង្ហោះនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ដោយលោកបានរៀបរាប់ថា ៖ «សម័យសន្តិភាព គេខ្លាចបំផុតគឺចោរប្លន់តែប៉ុណ្ណោះ តែគួរឱ្យខ្លាចនោះគឺលោកប៉ូលិសបន្ទាប់ពីលោកចោរ។ មុនដំបូងហៅឡានខ្ញុំ ខ្ញុំសួរគាត់ថាបងខ្ញុំខុសអី? សួរ ៥ ដង បានលោកប៉ូលិសឆ្លើយថាបងបើកឡានលេងទូរស័ព្ទ។ ខ្ញុំឆ្លើយថា បងឯងមើលខ្ញុំទៅមានទូរស័ព្ទទេ ទូរស័ព្ទនៅប្រពន្ធខ្ញុំទុកក្នុងកាបូប។ គាត់ឱ្យខ្ញុំចុះជួបមេគាត់បានដឹង ខ្ញុំក៏ចុះទៅជួបមេ ខ្ញុំក៏ថាខ្ញុំខុសអីបង មេថាបងឯងខុសត្រង់លេងទូរស័ព្ទ ខ្ញុំថាខ្ញុំមិនមានទូរស័ព្ទជាប់ខ្លួនទេ។ គាត់ក៏បោះដៃទៅអ្នកសួរអ្នកឱ្យការថា ខុសអត់ពាក់ខ្សែក្រវាត់ ខ្ញុំឆ្លើយថាខ្សែខ្ញុំពាក់តាំងពីព្រែកបិមកម្ល៉េះ ខ្ញុំមិនបានដោះទេ។ គាត់ក៏បក់ដៃសួរអ្នកឱ្យការម្តងទៀត គាត់ថាប្រពន្ធខ្ញុំអត់ពាក់ខ្សែក្រវាត់ម្តងវិញ»។
ម្ចាស់គណនីខាងលើបានបន្តទៀតថា ៖ «លោកប៉ូលិសសម្តីក្រឡិចក្រឡុច ខ្ញុំយកទូស័ព្ទថតទុក្ខជាភស្តុតាង បើបងឯងម្តងថាខ្ញុំបើកបរលេងទូរស័ព្ទ ម្តងថាអត់ពាក់ខ្សែក្រវាត់ ម្តងថាប្រពន្ធខ្ញុំអ៊ីចឹង។ ខ្ញុំខឹងពេកសុំធូបអ្នកជិតខាងមកអុចឱ្យស្បថ ហើយគាត់ថាខ្ញុំនាំគ្នាមកអុកឡុកកន្លែងគាត់ គាត់គំរាមយកឡានខ្ញុំទុក ខ្ញុំថាយកដល់ណាក៏បានខ្ញុំមិនខ្លាចទេ ព្រោះខ្ញុំមិនខុស។ ទីតាំងនៅខាងកើតសាលាស្រុកស្អាងស្រុកកោះធំ ចម្ងាយ ២០០ ម៉ែត្រ»៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖