ខឹងអ្នកជិតខាងមិនហៅផឹក ខឹងឆេវរត់ទៅដុតឡានអ្នកជិតខាងឆេះខ្ទេច
ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ក្រោយមានករណីជម្លោះអ្នកជិតខាងខឹងគេមិនហៅចូលវង់ផឹកស៊ី ទៅដុតឡានដែលចតចោលដើម្បីបញ្ចេញកំហឹង។
ករណីនេះ បានកើតឡើងនៅថ្ងៃទី ២៣ ខែមីនា នៅស្រុក Can Loc ខេត្ត Ha Tinh ប្រទេសវៀតណាម ដោយប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ Duong Chi Linh អាយុ ៤៤ ឆ្នាំ ពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក្រោយពីបានដុតឡានអ្នកជិតខាង។
យោងតាមការសួរចម្លើយបានរៀបរាប់ឱ្យដឹងថា៖ «មុនកើតហេតុ អ្នកជិតខាងលោកដែលមានឈ្មោះថា Nguyen Hung Thai អាយុ ៤៩ ឆ្នាំបានរៀបចំពិធីជប់លៀងផឹកស៊ី ដើម្បីអបអរសាទរកូនប្រុសដែលទើបរៀនចប់មហាវិទ្យាល័យ។ ដោយលោក Linh គិតថាខ្លួនជាអ្នកជិតស្និទ្ធម្នាក់របស់អ្នកជិតខាង ព្រោះនៅផ្ទះក្បែរគ្នា ប៉ុន្ដែពេលជួបជុំមានកម្មវិធីស្រាប់តែខ្លួនមិនទទួលបានការអញ្ជើញចូលរួម ដែលធ្វើឱ្យលោកខឹងជាខ្លាំង។ ហើយនៅម៉ោង ៩ និង ៤០ នាទីយប់ខណៈពេលគ្រប់គ្នាកំពុងច្រៀងរាំសប្បាយ លោកក៏បានយកសាំងមួយដប និងក្រណាត់ចាស់ៗ ទៅលួចដុតនៅគូទឡានអ្នកជិតខាងដែលចតចោល»។
ក្រោយឃើញមានភ្លើងឆេះក៏មានការឆោលឡោនាំគ្នាពន្លត់ ប៉ុន្ដែរថយន្ដដែលឆេះបានខូចខាតមួយផ្នែកធំទៅហើយ ដែលគិតជាសាច់ប្រាក់ប្រមាណ ១៤៣ លានដុង (ប្រមាណ ៦ ០០០ ដុល្លារ)៕