ចូលឆ្នាំទៅណា? តស់! ណាត់ Crush ទៅលេងកម្មវិធីសប្បាយៗជាច្រើន នៅព្រៃវែង ៤ ថ្ងៃ ដើម្បីអបអរឆ្នាំថ្មី
ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាន់តែខិតជិតចូលមកដល់ ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ ខេត្តព្រៃវែង បានប្រកាសនឹងមានរៀបចំធ្វើកម្មវិធី «ឆ្នាំថ្មីព្រៃវែង ២០២៣» សម្រាប់ឱ្យភ្ញៀវទេសចរទាំងក្នុង និង ក្រៅស្រុកបានចូលរួមសប្បាយរីករាយ។
យោងតាមសេចក្ដីជូនដំណឹង ស្ដីពី «ការរៀបចំព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង សម្រាប់ឆ្នាំ ២០២៣» បានឱ្យដឹងថា ព្រឹត្តិការណ៍ «ឆ្នាំថ្មីព្រៃវែង ២០២៣» នឹងប្រារព្ធធ្វើឡើងរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ ស្ថិតនៅទីរួមខេត្តព្រៃវែង ក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
យ៉ាងណាមិញ រដ្ឋបាលខេត្តបានឱ្យដឹងទៀតថា ការរៀបចំព្រឹត្តិការណ៍ «ឆ្នាំថ្មីព្រៃវែង ២០២៣» នេះគឺជាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ដ៏ល្អផូរផង់តាំងពីបុរាណកាលមក ដែលប្រជាជនខ្មែរ បានធ្វើឡើងក្នុងគោលបំណងអបអរឆ្នាំថ្មី និង ជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ «ឆ្នាំថ្មីព្រៃវែង ២០២៣» នឹងមានការប្រគំតន្រ្តីសម័យ ការរាំលេងកម្សាន្ត ការតាំងពិពរណ៌បង្ហាញផលិតផល និង សម្ភារៈប្រើប្រាស់ក្នុង លេងល្បែងប្រជាប្រិយ ការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ ការបង្ហោះគោម និង បាញ់កាំជ្រួច ហើយពិសេសជាងនេះទៀតខេត្តក៏មានរៀបចំកម្មវិធីកម្សាន្តតំបន់ត្រជាក់ចិត្ត នៅសួនច្បារសម្ដេច ជា ស៊ីម ថែមទៀតផង៕
ប្រភព និង រូបភាពដោយ ៖ ព្រៃវែង ខេត្តខ្ញុំ និង ឆ្នាំថ្មីព្រៃវែង