ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខនេះ ខេត្តបាត់ដំបងនឹងមានរៀបចំធ្វើ «សង្រ្កាន្តបាត់ដំបង» សម្រាប់ឱ្យភ្ញៀវទេសចរទាំងក្នុង និង ក្រៅស្រុកបានចូលរួមសប្បាយរីករាយ។
យោងតាមសារបង្ហោះលើហ្វេសប៊ុករបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង នឹងប្រារព្ធធ្វើឡើងក្នុងបរិវេណក្បែររូបសំណាក់លោកតាដំបងគ្រញូង រយៈពេល ៤ ថ្ងៃពេញ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ ដើម្បីជួបជុំមហាគ្រួសារខ្មែរ ក៏ដូចជាអបអរពិធីបុណ្យចូលឆ្នាំប្រពៃណៃជាតិខ្មែរ និង រាំលេងកម្សាន្តចង្វាក់ប្រពៃណៃខ្មែរ។
មិនតែប៉ុណ្ណោះ ក្នុងសង្រ្កាន្តបាត់ដំបង ក៏មានតំបន់ត្រជាក់ចិត្តលេងល្បែងប្រជាប្រិយខ្មែរ ដែលជាកេរតំណែលដ៏ល្អផូរផង់ ជាមួយនឹងការទស្សនាការសម្តែងសិល្បៈចម្រុះ ជួបជាមួយតារាល្បីៗ ប្រចាំព្រះរាជណាចក្រកម្ពុជា ថតរូបអនុស្សវរីយ៍ជាមួយទន្សាយយក្ស ពោតយក្ស ម្នាស់យក្ស និង ក្រូចយក្ស ព្រមទាំងកម្មវិធីប្រដាល់សេរី និង កម្មវិធីកម្សាន្តប្លែកៗ ហើយលើសពីនេះទៅទៀត ភ្ញៀវទេសចរក៏អាចទស្សនាលេងកម្សាន្តតំបន់ទាំង ៩ និង ទិញទំនិញដ៏ច្រើនសម្បូរបែបទៀតផង៕
ប្រភព និង រូបភាពដោយ ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង និង បាត់ដំបង ផ្ទះខ្ញុំ