ជាពួកម៉ាកគ្នាតាំងពីក្មេង ទម្រាំដឹងថាមានចិត្តចំពោះគ្នា ចំណាយពេលជាង ១០ ឆ្នាំ
រឿងស្នេហារំជួលចិត្ត ផ្ដើមចេញពីមិត្តជិតស្និទ្ធតាំងពីក្មេង ហើយក្លាយជាប្ដីប្រពន្ធហាក់កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយគូស្នេហ៍មួយគូនេះចំណាយពេលជាង ១០ ឆ្នាំទម្រាំដឹងពីចិត្តខ្លួនឯងថាស្រឡាញ់គ្នាទៅវិញទៅមក។
Huyen Tran បានរៀបរាប់រឿងរ៉ាវស្នេហារបស់នាងឱ្យដឹងថា៖ «ខ្ញុំបានស្គាល់ Hien តាំងពីក្មេង ដោយពួកយើងកើតក្នុងខែតែមួយ ហើយបានទៅរៀនសាលាជាមួយគ្នា លុះថ្នាក់វិទ្យាល័យយើងក៏រៀនថ្នាក់រួមគ្នា ហើយទៅណាមកណាជាមួយគ្នា។ អំឡុងពេលរៀនវិទ្យាល័យ ពួកយើងស្និទ្ធស្នាលខ្លាំង រហូតមានអ្នកចំអន់ តែយើងមិនបានគិតអ្វីច្រើនគិតតែពីរៀន ហើយក៏មិនទាន់ដឹងថាអ្វីទៅជាស្នេហា គ្រាន់តែដឹងថាចូលចិត្តដើរកាន់ដៃគ្នា»។
«នៅអាយុ ១៧ ឆ្នាំ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថា បេះដូងខ្ញុំលោតញាប់ពេលនៅក្បែរ Tien ជាលើកដំបូង តែវាជាឆ្នាំដែលយើងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ មុនរៀនចប់វិទ្យាល័យ យើងក៏បានប្ដូរលេខទូរស័ព្ទគ្នា ដោយពួកយើងទាក់ទងគ្នាតាមទូរស័ព្ទច្រើនជាងជួបគ្នា»។
«ក្រោយចប់ថ្នាក់វិទ្យាល័យ ខ្ញុំបានចូលរៀនផ្នែកច្បាប់ ចំណែក Hien បានរៀនផ្នែកជំនួញ ដែលធ្វើឱ្យពួកយើងមិនអាចស្និទ្ធស្នាលគ្នាដូចមុនទេ ព្រោះរវល់រៀងខ្លួន ហើយការងារសាលាក៏ច្រើន។ ខ្ញុំចាំច្បាស់ក្នុងឱកាសគម្រប់ខួបស្គាល់គ្នា ១០ ឆ្នាំអំឡុងពេលរៀនឆ្នាំទី ២ គឺនៅថ្ងៃ ៧ មិថុនា ឆ្នាំ ២០១១ Hien បានណាត់ជួបខ្ញុំនៅម៉ោង ៥:៤៥ ព្រឹកនៅហាងអាហារក្បែរសាលាមួយកន្លែង ហើយគេក៏បានសារភាពស្នេហ៍»។
«ពេលនោះអារម្មណ៍ខ្ញុំច្របូកច្របល់និយាយមិនត្រូវ តែក៏ផ្ដល់ឱកាសឱ្យគេ ដោយមួយឆ្នាំដំបូងទាក់ទងគ្នា យើងឆ្លងកាត់រឿងជាច្រើនមានជូរមានចត់ ឈ្លោះគ្នាស្ទើរតែបែកគ្នា ២ ៣ ដង ខុសប្លែកពីពេលនៅជាមិត្តភក្ដិដែលកម្រមានរឿងឈ្លោះគ្នាណាស់។ យ៉ាងណាមិញបើទោះបីរវល់ការសិក្សារៀងខ្លួន តែពួកយើងបានប្ដេជ្ញាថាមួយឆ្នាំ យើងនឹងដើរលេងជុំគ្នាឱ្យបានម្ដង»។
«ក្រោយប្ដូរឋានៈពីមិត្ត ជាស្នេហាមកជិត ១០ ឆ្នាំទៀតនៅឆ្នាំ ២០២០ ពួកយើងទាំងពីរក៏បានសម្រេចចិត្តរៀបការសាងគ្រួសារជាមួយគ្នា ដោយមានការអបអរសាទរពីមិត្តភក្ដិ លោកគ្រូអ្នកគ្រូ និងក្រុមគ្រួសារដែលស្គាល់ពួកយើង។ ហើយបច្ចុប្បន្ន ខ្ញុំបានធ្វើជាមេធាវី ចំណែកស្វាមីខ្ញុំ Hien ធ្វើមុខជំនួញបន្ដពីគ្រួសារផ្នែកស្រូវអង្ករ»៕