ក្ដីសុខអ្នកចូលចិត្តស្ទូចត្រី! មិនបាច់ទៅឆ្ងាយ ជិះតែមួយវឹងពីក្រុង អាចស្ទូចត្រីលម្ហែ ញ៉ាំអាហារឆ្ងាញ់យ៉ាងរំភើយ
រៀងរាល់ថ្ងៃចុងសប្ដាហ៍ ក៏ដូចជាថ្ងៃឈប់សម្រាកពីការងារ ប្រិយមិត្តមួយចំនួនដែលរស់នៅរាជធានីភ្នំពេញ ប្រាកដជាស្វែងរកកន្លែងកម្សាន្តជិតផ្ទះ គ្រាន់ស្ទូចត្រីលម្ហែបន្ធូរអារម្មណ៍ កាត់បន្ថយការចំណាយ និង ចំណេញពេលវេលាក្នុងការធ្វើដំណើរជាដើម។
ដូច្នេះហើយ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវកន្លែងលម្ហែមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តស្ទូចត្រី អង្គុយលម្ហែជាប់មាត់ទឹកជាដើម ដែលនៅទីនោះមានឈ្មោះថា «កាំងម៉េងលម្ហែបេះដូង»។
ស្ថិតនៅបណ្តោយផ្លូវជាតិលេខ ២ សង្កាត់ព្រែកហូរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចូលតាមក្លោងទ្វាបុរីកាំងម៉េង ប្រិយមិត្តនឹងទៅដល់ទីតាំងលម្ហែដែលមានឈើសាងសង់លើទឹក និង មានតូបអង្គុយជាច្រើនតូប សម្រាប់ស្រស់ស្រូបអាហារឆ្ងាញ់ៗជួបជុំជាមួយមិត្តភក្តិ ក្រុមគ្រួសារ ក៏ដូចជាក្រុមការងារជាដើម។
អ្វីដែលពិសេសទៀតនោះ នៅទីតាំងនេះ គឺបើកឱ្យបងប្អូនអាចស្ទូចត្រីលេងកម្សាន្តបាន ព្រមទាំងអាចជិះទូកកាយ៉ាក ជិះទាទឹក មានសួនកម្សាន្តសម្រាប់កុមារ និង សកម្មភាពផ្សេងៗទៀតផង៕
រូបភាព ៖ កាំងម៉េងលម្ហែបេះដូង