ផ្លូវដែកជាមធ្យោបាយដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងការធ្វើដំណើរកម្សាន្តទៅកាន់ខេត្តមួយចំនួននៅកម្ពុជា។ ថ្វីដ្បិតតែការជិះរថភ្លើងចំណាយពេលវេលាយូរជាងការធ្វើដំណើរលើផ្លូវជាតិបន្តិចពិតមែន ប៉ុន្តែវាបានផ្ដល់នូវបរិយាកាសមួយថ្មី ដែលអាចទទួលបានខ្យល់អាកាសស្រស់ស្រាយ អាចគយគន់ទេសភាពតាមដងផ្លូវបានយ៉ាងងាយ ព្រមទាំងអាចធ្វើដំណើរដោយរលូន គ្មានភាពរអាក់រអួលផងដែរ។
ទន្ទឹមទៅនឹងការធ្វើដំណើរនេះទៀតសោត ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវចំណុចសំខាន់ ៩ យ៉ាង សម្រាប់ប្រិយមិត្តដែលចង់ជិះរថភ្លើងដើរលេងកម្សាន្តតាមខេត្តលើកដំបូង ដែលមានដូចជា ៖
១. ប្រិយមិត្តគួរឆែកមើលខ្សែរថភ្លើងធ្វើដំណើរ ពេលវេលាចេញដំណើរ រយៈពេលធ្វើដំណើរ និង តម្លៃសំបុត្រ តាមរយៈផេក Royal Railway Cambodia
២. គួរធ្វើការកក់សំបុត្រ ឬ ទិញឱ្យបានមុនថ្ងៃចេញដំណើរ
៣. ថ្ងៃធ្វើដំណើរ គួរទៅស្ថានីយឱ្យបានមុន ៤០ នាទី ដើម្បីធ្វើការ check in ញ៉ាំអាហារពេលព្រឹក និង ជ្រើសរើសកន្លែងអង្គុយជាប់មាត់បង្អួច ងាយស្រួលមើលទេសភាព
៤. មុនចេញដំណើរ អាចជួបជុំគ្នាថតរូបលេងនៅចំណតស្ថានីយ
៥. កំឡុងពេលធ្វើដំណើរ អាចគយគន់ទេសភាពស្រស់ត្រកាលនៅតាមផ្លូវ ខណៈទេសភាពស្រស់ស្អាតបំផុតភាគច្រើនក្នុងរដូវវស្សា
៦. នៅលើរថភ្លើងមានលក់ជាអាហារ និង ភេសជ្ជៈស្រាប់ តម្លៃសមរម្យអាចទទួលយកបាន
៧. នៅលើរថភ្លើងក៏មានបន្ទប់ទឹកសម្រាប់ជួយសម្រួលធុរៈផងដែរ
៨. ក្នុងឱកាសបុណ្យទានប្រិយមិត្តអាចដាក់ម៉ូតូទៅជាមួយបាន តម្លៃគិតតាមប្រភេទម៉ូតូ និង មានចំនួនកំណត់
៩. ទៅដល់ចំណតរថភ្លើងមានកន្លែងលក់ដូរ បន្ទប់ទឹក ក៏ដូចជាម៉ូតូឌុប កង់បី សម្រាប់ធ្វើដំណើរបន្តផងដែរ៕