
ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រតិកម្មរឿងអ្នកសារព័ត៌មានម្នាក់ប្រើសម្តីឆ្ងាយតួនាទី
នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ទុះការជជែកវែកញែកក្នុងរឿងរ៉ាវមួយរវាងអ្នកកាសែត និង អ្នកជួយសង្គ្រោះអ្នកគ្រោះថ្នាក់នៅតាមដងផ្លូវ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទាក់ទិនទៅនឹងសកម្មភាពដែលកំពុងតែផ្ទុះការវែកញែកខាងលើ រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ជុំ កុសល បានបញ្ចេញមតិទៅលើរឿងនេះថា ៖ «ឃើញហើយទើសចិត្តពេក! មនុស្សមានចិត្តសង្រ្គោះ ឃើញគ្រោះថ្នាក់នៅចំពោះមុខក៏ចុះជួយ។ នេះគឺជាកាយវិការគួរឱ្យកោតសរសើរចំពោះគាត់! ចុះហេតុអ្វីបានជារូបគាត់ត្រូវបានទទួលរងនូវការស្តីបន្ទោសពីអ្នកសារព័ត៌មាន និង សមត្ថកិច្ចនគរបាលទៅវិញ?»។
ឯកឧត្តមបានបន្តទៀតថា ៖ «ករណីលើកម៉ូតូចេញ មិនមែនជារឿងខុសច្បាប់អីនោះទេ គ្រាន់តែបាត់ដានដែលជាហេតុនាំឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ពិបាកក្នុងការវាស់វែងតែប៉ុណ្ណោះ ប៉ុន្តែបុរសនោះគាត់បានលើកដៃសុំទោសហើយ ដោយសារតែគ្នាមិនដឹង។ គួរណាស់តែអស់លោកដែលដឹងនិយាយពន្យល់ប្រាប់គាត់ដោយសម្តីទន់ភ្លន់ ចាំបាច់ស្រែកគំហកដាក់គ្នា? កាយវិការ និង ពាក្យសម្តីរបស់អ្នកសារព័ត៌មានបែបនេះ គឺជាការបំបាក់ទឹកចិត្តដល់អ្នកក្រោយៗទៀត ដែលជួបរឿងបែបនេះខ្លាចមិនហ៊ានជួយទេ»។
ជាចុងក្រោយ រដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ បានគូសបញ្ជាក់ថា ៖ «សូមគិតឡើងវិញ កុំប្រើតួនាទីជ្រុលចេញឆ្ងាយពីតួនាទីស្នូលរបស់ខ្លួនពេក វានាំឱ្យបាត់តម្លៃ»៕