ទារកទើបចេះដើរតេសតាស ងាយពុកធ្មេញណាស់ ចឹងគួរការពារដូចម្តេចទៅ?
វាអាចជារឿងពិបាកតិចតួចដែរសម្រាប់ឪពុកម្តាយដើម្បីប្រាកដថា អនាម័យមាត់ធ្មេញរបស់កូនតូចពួកគេស្ថិតក្នុងកម្រិតមួយល្អ។ នៅពេលកូនទើបចេះដើរតេសតាស អាយុបាន ២៤ខែ ធ្មេញថ្គាមគេលូតលាស់អស់ហើយ។ ដើម្បីកុំឲ្យធ្មេញទាំងនេះងាយនឹងពុក ឪពុកម្តាយគួរតែប្រើវិធីបង្ការដូចខាងក្រោមនេះផង៖
កាត់បន្ថយការញ៉ាំរបស់ផ្អែម
ជាតិផ្អែមគឺជាមូលហេតុដ៏សំខាន់មួយនៃការពុកធ្មេញ។ ជាតិផ្អែមផ្ទុកទៅដោយជាតិគ្លុយកូស ដែលជាជាតិស្ករមួយប្រភេទងាយនឹងជួយឲ្យបាក់តេរីក្នុងមាត់លូតលាស់ណាស់។ បាក់តេរីប្រើប្រាស់ជាតិស្ករដើម្បីផលិតជាអាស៊ីតដើម្បីបំផ្លាញធ្មេញ។ ដូច្នេះ អ្នកគួរតែកាត់បន្ថយការបណ្តោយកូនញ៉ាំស្ករគ្រាប់ តែឲ្យគេញ៉ាំអាហារសម្រន់ដែលផ្តល់សុខភាពវិញដូចជា ផ្លែឈើ ទឹកដោះគោ យ៉ាអួជាដើម។
កាត់បន្ថយការញ៉ាំទឹកផ្លែឈើ
ទឹកផ្លែឈើផ្ទុកទៅដោយជាតិស្ករកំហាប់ខ្ពស់បំផុត។ វាគួរតែទុកឲ្យកូនញ៉ាំក្នុងពេលញ៉ាំបាយ ឬមិនបាច់តែម្តងក៏បានដែរ។ ការញ៉ាំទឹកផ្លែឈើរាល់ថ្ងៃ គួរតែបន្ថយមកត្រឹម ១១៨ទៅ ១៧៧មីលីលីត្របានហើយ។
ដាក់ទឹកធម្មតាឲ្យគេបៅ
បើសិនជាកូនចេះដើរតេសតាសចូលចិត្តដើរទៅណាមកណាកាន់កំប៉ុងទឹកដោះគោជាប់ ឬត្រូវការបៅច្រើន ចូរប្រាកដថា អ្នកបានដាក់ទឹកស្អាតចូលទៅក្នុងដបទឹកដោះគោនោះជំនួសឲ្យទឹកផ្លែឈើ ឬទឹកដោះគោហើយ។ យកល្អគួរតែបង្រៀនគេឲ្យចេញញ៉ាំទឹកធម្មតាក្រោយពីគេអាយុបាន ១៤ ទៅ ១៥ខែ តែមិនបាច់ឲ្យគេញ៉ាំពេលគេងទេ។
ចូរដុសសម្អាតធ្មេញគេមួយថ្ងៃពីរដងជាមួយនឹងថ្នាំដុសធ្មេញមានជាតិហ្លុយអ័រ៉ាយ
ជាតិហ្លុយអ័រ៉ាយជួយធ្វើឲ្យធ្មេញស៊ាំនឹងអាស៊ីតដែលផលិតចេញពីបាក់តេរីក្នុងមាត់។ បើសិនជាកូនអ្នកមិនទទួលបានសារធាតុនេះគ្រប់គ្រាន់ទេ ការពុកធ្មេញអាចនឹងកើតឡើងហើយ។ ការដុសសម្អាតធ្មេញកូនជាមួយនឹងថ្នាំដុសធ្មេញបែបនេះមួយថ្ងៃពីរដង នឹងជួយការពារភាពពុករបស់ធ្មេញកូនបាន។ ការញ៉ាំទឹកមានជាតិហ្លុយអ័ ក៏មានប្រយោជន៍សម្រាប់ធ្មេញដែរ។
ប្រើអំបោះសម្ងាតចន្លោះធ្មេញ
ការដុសធ្មេញមិនមែនតែងតែគ្រប់គ្រងក្នុងការសម្អាតកំទិចអាហារជាប់នៅចន្លោះធ្មេញទេ។ បើសិនជាកំទិចអាហារជាប់នៅធ្មេញយូរ វាអាចនាំឲ្យលូតលាស់បាក់តេរី។ ការប្រើអំបោះសម្អាតចន្លោះធ្មេញជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការកំចាត់កំទិចអាហារជាប់នៅចន្លោះធ្មេញបានយ៉ាងល្អដែរ។
ចៀសវាងការប្រើស្លាបព្រារួមគ្នា
អ្នកគួរតែចៀសវាងការប្រើស្លាបព្រារួមគ្នាជាមួយកូនតូចអ្នក ដើម្បីការពារការចម្លងបាក់តេរីពីមាត់ខ្លួនឯងទៅកូន។ សម្រាប់មនុស្សធំ មាត់នឹងមានបាក់តេរីច្រើនជាង ដែលវាងាយនឹងចម្លងចូលទៅក្នុងមាត់របស់កូនតាមរយៈទឹកមាត់។ ការអនុវត្តបែបនេះនឹងជួយបន្ថយឱកាសកើតបញ្ហាពុកធ្មេញលើទារកទើបចេះដើរតេសតាសបានយ៉ាងអស្ចារ្យ៕
ចាប់តាំងពីទារកទើបចេះដើរតេសតាសចេះសិក្សានូវអ្វីដែលគេឃើញ និងអ្វីដែលអ្នកបង្រៀនគេ វាគឺជាការទទួលខុសត្រូវដ៏ខ្លាំងរបស់អ្នកក្នុងការអនុវត្តទម្លាប់សុខភាពមាត់ធ្មេញដែលល្អៗ។ ក្រោយពីកូនអាយុបាន ៦ខែហើយ អ្នកគួរតែនាំគេទៅជួបពេទ្យធ្មេញកូនក្មេងជារៀងរាល់ ៤ ទៅ៦ខែម្តង។ ដល់ពេលគេអាយុបានមួយឆ្នាំ ក៏គួរតែនាំគេទៅឲ្យពេទ្យពិនិត្យធ្មេញដែរ។ ស្នាមញញឹមដែលស្អាតគឺជាសញ្ញាមួយនៃការមានសុខភាពល្អ ហើយកូនសប្បាយចិត្តទៀត៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy