
ស្រឡាញ់គ្នាតាមអនឡាញរហូតចង់រៀបការ តែសាករស់នៅជាមួយគ្នាបាន ៤ ថ្ងៃ ខាងប្រុសលែងចង់ការ ហើយទារថ្លៃបណ្ណាការវិញ
ស្នេហាផ្លេកបន្ទោររវាងគូស្នេហ៍ជនជាតិចិនមួយគូ ដែលស្គាល់គ្នាតាមអនឡាញហើយពេញចិត្តគ្នាខ្លាំង រហូតរៀបគម្រោងរៀបការ តែក្រោយសាកល្បងរស់នៅជាមួយគ្នាបាន ៤ ថ្ងៃ ខាងប្រុសក៏សុំលុបចោលវិញ ធ្វើឱ្យកំពុងធ្វើឱ្យផ្ទុះការវែកញែកពីសំណាក់មហាជនជាច្រើននៅលើបណ្ដាញសង្គមចិន។
យោងតាមសារព័ត៌មាន Ctwant បានរៀបរាប់ឱ្យដឹងថា គូស្នេហ៍មួយគូរស់នៅតំបន់ Henan ប្រទេសចិន បានស្គាល់គ្នាតាមកម្មវិធីអនឡាញមួយ។ ក្រោយមកអ្នកទាំងពីរក៏សាងស្នេហាតាមរយៈអនឡាញរហូតឈានដល់ការណាត់ជួបគ្នា។ គ្រាន់តែណាត់ជួបគ្នាមិនបានប៉ុន្មានថ្ងៃ ពួកគេក៏បានរៀបគម្រោងរៀបការ ហើយក៏ចាប់ផ្ដើមសាកល្បងរស់នៅជាមួយគ្នា។
យ៉ាងណាមិញ អ្វីៗមិនដូចការគិត រស់នៅជាមួយគ្នាបានតែ ៤ ថ្ងៃ ខាងប្រុសបានសុំលុបចោលគម្រោងទាំងអស់វិញ ហើយសុំថ្លៃបណ្ណាការដែលលោកជូនទៅខាងស្រីជាការត្រៀមនោះមកវិញ ដោយខាងប្រុសបានបញ្ជាក់ថាបណ្ណាការទាំងអស់រួមមានចិញ្ចៀន ក្រវិល ខ្សែ-កមាស ហើយនឹងលុយសុទ្ធចំនួន ១០ ០០០ យ័ន (ប្រមាណ ១ ៤៧៥ ដុល្លារ)។ មូលហេតុនៃការបែកគ្នាគឺមិនបានបញ្ជាក់ច្បាស់លាស់នោះឡើយ ដោយគ្រាន់តែប្រាប់ថារស់នៅមិនចុះសម្រុងគ្នា ហើយការទារថ្លៃបណ្ណាការនេះធ្វើឱ្យខាងស្រីខឹង និង មិនពេញចិត្តជាខ្លាំង រហូតមានការប្ដឹងផ្ដល់ឡើងតុលាការផងដែរ។
តុលាការបានសម្រេចកាត់ក្តីនេះតាមច្បាប់រដ្ឋប្បវេណីនៃប្រទេសចិន ដោយកម្រិតលក្ខខណ្ឌថាត្រូវឱ្យខាងស្រីប្រគល់គ្រឿងមាស និង ប្រាក់សុទ្ធឱ្យទៅខាងប្រុសវិញ ព្រោះតែពិធីមង្គលការអ្នកទាំងពីរមិនទាន់បានកើតឡើងនៅឡើយ៕