តស់ណាត់គ្នា! អស់តែម្នាក់ ៣ ពាន់រៀល ថតរូបស្អាតៗ នៅស្ពានឈើកាច់កោងលើវាលស្រែ ក្បែរស្ពានអ្នកលឿង
អ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកចូលចិត្តថតរូបនៅកន្លែងកម្សាន្តថ្មីៗ បាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវកន្លែងបង្កើតថ្មីមួយកន្លែង មានទីតាំងស្ថិតនៅក្បែរស្ពានអ្នកលឿង ពោលគឺនៅត្រើយខាងកើត ផ្លូវជាតិលេខ ១១ ចូលតាមក្រោមជើងសសរស្ពានអ្នកលឿងត្រង់ចម្ងាយប្រហែល ៣០០ ម៉ែត្រ។
នៅទីតាំងខាងលើ មានស្ពានឈើកាច់កោងវែងអន្លាយ សាងសង់លើវាលស្រែពណ៌បៃតង ខណៈចាប់ពីថ្ងៃនេះទៅ សម្រាប់បងប្អូនដែលចូលញ៉ាំកាហ្វេ និង អាហារនៅក្នុងបរិវេណនេះ ពុំគិតថ្លៃសំបុត្រចូលនោះទេ។
ដោយឡែក ប្រសិនបើបងប្អូនមានបំណងដើរលេងថតរូបលើស្ពានខាងលើ ត្រូវទិញសំបុត្រចូលតម្លៃ ២០០០ ៛ សម្រាប់ម៉ូតូដាក់ផ្ញើមួយតែ ១០០០ ៛ ប៉ុណ្ណោះ។
ទន្ទឹមនេះ ខាងបុគ្គលិកទីតាំងខាងលើសូមអធ្យាស្រ័យទុកជាមុន បើសិនទទួលបងប្អូនមិនបានល្អ ដោយសារហាងរៀបចំមិនទាន់បានស្អាតល្អ ព្រោះជាងកំពុងធ្វើបន្ថែមជាច្រើនទៀតដើម្បីឱ្យបានស្អាតបញ្ចប់ទៅតាមគំរោងប្លង់ដែលមាន៕