១៤ ប្រទេស ប្រកាសរឹតបន្តឹងចំពោះអ្នកដំណើរមកពីប្រទេសចិន ព្រោះតែបញ្ហាជំងឺកូវីដ-១៩
ក្រោយពីប្រទេសចិនបានប្រកាសលែងមានការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរដែលនឹងទៅដល់ចិនចាប់ពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ រួចមក ងាកទៅមើលរដ្ឋាភិបាលជាច្រើននៅជុំវិញពិភពលោកបែរជាប្រកាសរឹតបន្តឹងអ្នកដំណើរដែលមកពីប្រទេសចិនទៅវិញ។ ចំពោះការរឹតបន្តឹងនេះ គឺធ្វើឡើងក្រោយមានព័ត៌មានថាចិនកំពុងផ្ទុះឆ្លងកូវីដ ១៩ សាជាថ្មី ក្រោមគោលនយោបាយ «សូន្យ កូវីដ» ហើយខាងក្រោមនេះគឺជា បញ្ជីឈ្មោះប្រទេសទាំង ១៤ ដែលបានរឹតបន្តឹងទៅលើអ្នកដំណើរមកពីប្រទេសចិន៖
១. សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកបានប្រកាសនឹងដាក់ឱ្យមានការធ្វើតេស្ត កូវីដ-១៩ ទៅលើអ្នកដំណើរ ដែលមកពីប្រទេសចិនចាប់ពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ តទៅ ដោយប្រកាសថា «អ្នកដំណើរតាមយន្តហោះទាំងអស់ ដែលមានអាយុចាប់ពី ២ ឆ្នាំឡើងទៅនឹងទាមទារឱ្យមានលទ្ធផលអវិជ្ជមានចំពោះតេស្តកូវដីមិនលើសពី ២ ថ្ងៃ មុនពេលចេញដំណើរមកពីប្រទេស ចិន ហុងកុង ឬម៉ាកាវ» ហើយមជ្ឈមណ្ឌលគ្រប់គ្រង និង ការពារជំងឺ ក៏បានប្រាប់ពលរដ្ឋអាមេរិកថា គួរតែពិចារណាឡើងវិញពីការចង់ធ្វើដំណើរទៅកាន់ប្រទេស ចិន ហុងកុង និង ម៉ាកាវ។
២. ចក្រភពអង់គ្លេស ៖ នាយកដ្ឋានសុខាភិបាលនៃចក្រភព អង់គ្លេស បាននិយាយកាលពីថ្ងៃ សុក្រ ទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ថា ចក្រភពអង់គ្លេស នឹងតម្រូវឱ្យមានការធ្វើតេស្តរកមេរោគកូវីដ-១៩ លទ្ធផលអវិជ្ជចំពោះអ្នកដំណើរមុនពេលចេញពីប្រទេសចិន ចាប់ពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ តទៅ។
៣. ប្រទេស បារាំង ៖ ប្រទេស បារាំង ក៏បានប្រកាសដែរថា នឹងតម្រូវឱ្យអ្នកធ្វើដំណើរមកពីប្រទេសចិនផ្តល់លទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមានតិចជាង ៤៨ ម៉ោងមុនពេលចេញដំណើរពីប្រទេស ចិន ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ទៅ។ លើសពីនេះប្រទេស បារាំងក៏កំពុងអនុវត្តការធ្វើតេស្ត PCR លើអ្នកដំណើរមួយចំនួន ដែលមកពីប្រទេស ចិន ដោយមន្ត្រីរដ្ឋាភិបាលបានប្រាប់អ្នកយកព័ត៌មានទៀតថា រដ្ឋាភិបាល បារាំងក៏បានជំរុញឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុបទាំង ២៦ ផ្សេងទៀតធ្វើតេស្តអ្នកដំណើរមកពីចិនសម្រាប់ជំងឺកូវីដ-១៩ ដូចគ្នាដែរ។
៤. ប្រទេស អូស្ត្រាលី ៖ រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេស អូស្ត្រាលី លោក Mark Butler បាននិយាយកាលពីថ្ងៃអាទិត្យ ទី ១ ខែមករា ឆ្នាំ ២០២៣ថា អ្នកដែលធ្វើដំណើរមកពីប្រទេសចិន ទៅកាន់ប្រទេស អូស្ត្រាលី នឹងត្រូវទាមទារលទ្ធផលតេស្តរកកូវីដ-១៩ អវិជ្ជមានចាប់ពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ តទៅ ដោយបានបន្ថែមទៀតថា កង្វះព័ត៌មានរបស់ទីក្រុងប៉េកាំងអំពីករណី កូវីដ-១៩ គឺជាហេតុផលនៅពីក្រោយតម្រូវការនៃការធ្វើតេស្តអ្នកដំណើរនេះ។
៥. ប្រទេស ឥណ្ឌា ៖ ប្រទេសជិតខាងអាស៊ីភាគខាងត្បូងរបស់ចិនបាន ប្រកាសទាមទាររបាយការណ៍អវិជ្ជមាននៃ កូវីដ-១៩ សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន ហុងកុង ជប៉ុន កូរ៉េខាងត្បូង និង ថៃ។ ផ្ទុយទៅវិញ ករណីអ្នកដំណើរមកពីប្រទេសទាំងនោះមានបង្ហាញរោគសញ្ញា ឬតេស្តវិជ្ជមានពួកគេនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក។
៦. ប្រទេស កាណាដា ៖ អាជ្ញាធរនៅទីក្រុងអូតាវ៉ាបាននិយាយថា អ្នកដំណើរតាមយន្តហោះទៅកាន់ប្រទេស កាណាដា ចេញពីប្រទេស ចិន ត្រូវតែមានតេស្តអវិជ្ជមានសម្រាប់ជំងឺ កូវីដ-១៩ មិនលើសពី ២ ថ្ងៃមុនពេលធ្វើដំណើរ។
៧. ប្រទេស ជប៉ុន ៖ ជប៉ុនបានតម្រូវឱ្យអ្នកដំណើរមកពីចិនធ្វើតេស្តរក កូវីដ-១៩ លទ្ធផលអវិជ្ជមាន ពេលមកដល់ ហើយអ្នកដែលធ្វើតេស្តវិជ្ជមាននឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ៧ ថ្ងៃ ដែលវិធានការនេះបានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ។
៨. ប្រទេស អ៊ីតាលី ៖ អ៊ីតាលីបានបញ្ជាឱ្យមានការតេស្តអង់ទីហ្សែន កូវីដ-១៩ សម្រាប់អ្នកធ្វើដំណើរទាំងអស់ ដែលមកពីប្រទេស ចិន ខណៈដែលអាកាសយានដ្ឋានសំខាន់របស់ទីក្រុង Milan គឺ Malpensa ក៏បានចាប់ផ្តើមសាកល្បងតេស្តអ្នកដំណើរដែលមកដល់ទីក្រុងប៉េកាំង និង ក្រុងសៀងហៃ។
៩. ប្រទេស អេស្ប៉ាញ ៖ អេស្បាញបានលើកឡើងថា នឹងតម្រូវឱ្យមានការធ្វើតេស្តរក កូវីដ-១៩ លទ្ធផលអវិជ្ជមាន ឬមានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺនេះបានគ្រប់គ្រាន់នៅពេលមានអ្នកដំណើរមកពីប្រទេស ចិន។
១០. ប្រទេស ម៉ាឡេស៊ី ៖ ម៉ាឡេស៊ីបានប្រកាសថានឹងពិនិត្យអ្នកដំណើរ ដែលបានធ្វើដំណើរក្នុងប្រទេសទាំងអស់ ដើម្បីរកមើលគ្រុនក្តៅ និង ធ្វើតេស្តអ្នកដំណើរតាមយន្តហោះមកពីប្រទេសចិនដើម្បីរកមេរោគ កូវីដ-១៩។
១១. កោះ តៃវ៉ាន់ ៖ មជ្ឈមណ្ឌលបញ្ជាការរាតត្បាតកណ្តាលនៃកោះ តៃវ៉ាន់ បាននិយាយថា អ្នកដំណើរទាំងអស់នៅជើងហោះហើរត្រង់ពីប្រទេស ចិន ក៏ដូចជាតាមទូកនៅកោះចំនួន ២ នឹងត្រូវធ្វើតេស្ត PCR ពេលមកដល់ចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ តទៅ។
១២. ប្រទេស កូរ៉េខាងត្បូង ៖ ទីភ្នាក់ងារសារព័ត៌មាន News១ របស់កូរ៉េខាងត្បូងបានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងនឹងតម្រូវឱ្យអ្នកដំណើរមកពីប្រទេសចិនផ្តល់លទ្ធផលតេស្ត កូវីដ-១៩ អវិជ្ជមានមុនពេលចេញដំណើរ។
១៣. ប្រទេស ម៉ារ៉ុក ៖ ម៉ារ៉ុកក៏នឹងដាក់បម្រាមលើប្រជាជន ដែលធ្វើដំណើរមកពីប្រទេសចិនចាប់ពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ នេះមិនថាមានសញ្ជាតិអ្វីក៏ដោយ ដោយលើកឡើងថាដើម្បីជៀសវាង «រលកថ្មីនៃការចម្លងរោគ» និង «ផលវិបាកទាំងអស់របស់វា»។
១៤. ប្រទេស កាតា ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ QNA បាននិយាយថា កាតានឹងតម្រូវឱ្យអ្នកដំណើរ ដែលមកពីប្រទេសចិន ចាប់ពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ តទៅត្រូវមានលទ្ធផលតេស្ត កូវីដ-១៩ អវិជ្ជមាន ដែលបានធ្វើឡើងក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ពីការចាកចេញពីចិន។
ប្រភព៖ Aljazeera